លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងស្វែងរកការទាក់ទាញវិនិយោគិនជប៉ុន និងស្នើបើកជើងហោះហើរត្រង់ឡើងវិញ ខណៈលំហូរវិនិយោគជប៉ុនមកកម្ពុជាថមថយ
តូក្យូ៖ កម្ពុជា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទាក់ទាញវិនិយោគពីប្រទេសជប៉ុន ស្របពេលដែលលំហូរវិនិយោគជប៉ុនមកកម្ពុជា បានថមថយគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលបានប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្រៅប្រទេស។
ក្នុងគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Norihiko Ishiguro ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ជំនួបនេះ ធ្វើឡើងក្នុងថ្ងៃដំបូងនៃបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគរបស់កម្ពុជានៅប្រទេសជប៉ុន ដោយមានការចូលរួមពីលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ការស្វែងរកឱកាសធុរកិច្ចថ្មីៗ និងការទាក់ទាញទាំងសាជីវកម្មធំៗ និងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា ភស្តុភារកម្ម កសិឧស្សាហកម្ម និងថាមពល។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-Creation Team-BCT) ដែលជាយន្តការសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីជប៉ុនពិចារណាបើកជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុនឡើងវិញ ដោយលើកឡើងថា ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ គឺជាកត្តាគន្លឹះមួយសម្រាប់ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានឯកភាពគ្នាយ៉ាងមុតមាំ ក្នុងការប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែមទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។
ការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា ទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៦,៨៧ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក្នុងចំណោមប្រភពវិនិយោគធំៗទាំង៩ របស់កម្ពុជា មិនមានប្រទេសជប៉ុនស្ថិតក្នុងបញ្ជីនោះឡើយ ដែលបង្ហាញពីការថមថយនៃលំហូរវិនិយោគជប៉ុន បើធៀបនឹងរយៈពេលមុនៗដែលជប៉ុនធ្លាប់ជាវិនិយោគិន និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។
ក្នុងឆ្នាំ២០២៥ ប្រទេសចិននៅតែជាប្រភពវិនិយោគធំបំផុតរបស់កម្ពុជា ខណៈប្រភពវិនិយោគសំខាន់ៗផ្សេងទៀតរួមមាន សិង្ហបុរី, វៀតណាម, កោះ British Virgin, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កោះ Cayman, កោះ Samoa និង Bermuda។
ការបំពេញបេសកកម្មរបស់គណៈប្រតិភូកម្ពុជានៅប្រទេសជប៉ុនលើកនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនជប៉ុន បង្កើតឱកាសសហការថ្មីៗ និងជំរុញឱ្យមានលំហូរវិនិយោគពីជប៉ុនមកកម្ពុជាកាន់តែច្រើនឡើងវិញនាពេលខាងមុខ ស្របពេលកម្ពុជាកំពុងដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិ៕