សង្គម

លោក សុខ សូកេន ប្រាប់ទីប្រឹក្សាសភាពពាណិជ្ជកម្មនៃក្រុមប្រទេស BRICS ថា កម្ពុជាប្តេជ្ញាដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ

image


 
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត Vijay Jolly ទីប្រឹក្សាសភាពាណិជ្ជកម្មនៃក្រុមប្រទេស BRICS និងជាទីប្រឹក្សាយុទ្ធសាស្ត្រនៃពិព័រណ៍ធុរកិច្ចឥណ្ឌា ឆ្នាំ២០២៦ និងបានរំលឹកពីទំនាក់ទំនងដ៏យូរលង់ ដ៏ជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា ដោយបានរំលឹកឡើងវិញនូវការចូលរួមចំណែកកន្លងមករបស់លោកបណ្ឌិត ជាមួយកម្ពុជា និងមានទំនាក់ទំនងល្អ ជាមួយសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី។

លោករដ្ឋមន្ត្រី បានលើកឡើងពីការកែទម្រង់នានា ការខិតខំប្រឹងប្រែងធ្វើទំនើបកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អភិបាលកិច្ច ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកបណ្ឌិត Vijay Jolly អំពីជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សានេះ និងបានបង្ហាញពីក្ដីសង្ឃឹមក្នុងការបន្តរក្សាទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធ ព្រមទាំងការផ្លាស់ប្តូរទស្សនៈជាបន្តបន្ទាប់ទៀត ក៏ដូចជាបានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងរួមចំណែកដល់ការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។
សូមបញ្ជាក់ថា ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្ដីការក្រសួងអធិការកិច្ច នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦៕