សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ថៃ ក្នុងការចូលរួមក្នុងយន្តការ ក្រោមក្របខ័ណ្ឌ UNCLOS ជាជំហានគួរឱ្យស្វាគមន៍ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី
កណ្តាល៖ ថ្លែងក្នុងវេទិកា “អនាគតអាស៊ាន” លើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ភាគីទាំងពីរបានប្រកាសការប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហេតុដូច្នេះ កម្ពុជា និងថៃ ចាំបាច់ត្រូវអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ ឱ្យបានទាំងស្រុង និងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសអនុវត្តនូវចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
នេះបើតាមលោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងការណ៍អំពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី នៅវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ទន្ទឹមនឹងនេះ, សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនាពេលថ្មីៗ របស់កម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ។
សម្តេចធិបតីបន្តថា ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ថៃ ក្នុងការចូលរួមក្នុងយន្តការ ក្រោមក្របខ័ណ្ឌ UNCLOS នេះ ជាជំហានគួរឱ្យស្វាគមន៍ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី