ព័ត៌មានជាតិ

រយៈពេល១៥ថ្ងៃ ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន បានបាញ់សម្លាប់មេរោគកូវីដ១៩ ជាង១លាន៥សែនម៉ែត្រការ៉េ នៅ១០រាជធានី/ខេត្តរបស់កម្ពុជា

image

ភ្នំពេញ ៖ ​​ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិន ចំនួន១០រូប ​បានធ្វើដំណើរវិលត្រឡប់​ ទៅកាន់ប្រទេសខ្លួនវិញហើយ នៅរាត្រីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីបានបំពេញបេសកកម្ម រយៈពេល១៥ថ្ងៃ ក្នុងការបាញ់សម្លាប់មេរោគកូវីដ១៩ និងបណ្តុះបណ្តាល ដល់គ្រូពេទ្យនៅប្រទេសកម្ពុជា។

បើតាមឯកឧត្តម ប៉ៃ សំបូរ តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិការសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ក្រុមអ្នកជំនាញការនេះ បានបំពេញការងារស្ម័គ្រចិត្ត ​បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅ១០រាជធានី/ខេត្ត របស់​កម្ពុជា បើគិតជាម៉ែត្រការ៉េ គឺជាង១លាន៥សែនម៉ែត្រការ៉េ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់ក្រុមអ្នកជំនាញការចិន ដែលមកបានជួយកម្ពុជា និងបានថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែលបានសហការគ្នាយ៉ាងល្អ លើកិច្ចការមនុស្សធម៌នេះ។ ឯកឧត្តមបញ្ជាក់ថា ភាគីចិន បានបញ្ជាក់ថា នឹងបន្តជួយដល់កម្ពុជាថែមទៀត ប្រសិនបើមានការស្នើសុំ។

ចំពោះលោក វ៉ង យី ប្រធានក្រុមការងារសង្គ្រោះមេឃពណ៌ខៀវ ប្រចាំនៅប្រទេសកម្ពុជា រយៈពេល១៥ថ្ងៃនេះ បានកត់សម្គាល់ថា បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ គឺធ្វើបានទាន់ពេលវេលា។ លោកបន្តថា លោករីករាយដែលបានចូលរួមចំណែក ជាមួយកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស ហើយសង្ឃឹមថា កម្ពុជា នឹងឆ្លងផុតពីជំងឺក៏កាចសាហាវនេះ។

សូមជម្រាបថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្តទាំង១០នាក់ បានមកដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២៨ ខែមេសា​ ដោយកិច្ចការនេះ ​ស្ថិតក្រោមការសម្របសម្រួល របស់វេទិការសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍ចិន បានសហការគ្នា យ៉ាងជិតស្និទ្ធ ជាមួយ​ក្រសួងសុខាភិបាលកម្ពុជា៕
អត្ថបទ ៖ សន ពិសិដ្ឋ ​


ព័ត៌មានទាក់ទង...