ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទទូចអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមបង្កានិងទប់ស្កាត់ កុំអោយមានជម្ងឺឆ្លងកូវិដ១៩ នៅក្នុងសហគម

image

  អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទទូចអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តយកចិត្ត ទុកដាក់ថែរក្សាសុខភាពនិងបរិស្ថានអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្កានិងទប់ស្កាត់ កុំអោយមានជម្ងឺឆ្លងកូវិដ១៩ នៅក្នុងសហគម។

  ការអំពាវនាវអោយប្រជាពលរដ្ឋចូលរួមធ្វើឡើងក្នុងខណៈដែល លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសំរាប់ទប់ស្កាត់ និងការពារ ជម្ងឺកូវិដ១៩ ចែកជូនដល់កុមារកំព្រានៃមណ្ឌលពន្លឺអនាគតកុមារ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធី៍សែនជ័យ ព្រឹកថ្ងៃទី១៨ ឧសភានេះ។

  លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព កុំមើលស្រាលចំពោះស្ថានភាពនៃជម្ងឺឆ្លងជាដាច់ខាតបើទោះបីជារយៈកាលចុងក្រោយនេះក្រសួងសុខាភិបាលមិនមានរកឃើញអ្នកជម្ងឺឆ្លងថ្មីក៏ដោយ ត្រូវថែរក្សាអនាម័យ និងបរិស្ថានកន្លែងស្នាក់នៅ ត្រូវប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ជាពិសេសអនាម័យចំពោះកុមារតូចៗផងដែរ។ ក្នុងឪកាសនោះផងដែរ លោក ហែម ដារិទ្ធិ ក៏បានសម្តែងនៅការកោតសរសើរ ចំពោះមជ្ឈមណ្ឌលពន្លឺអនាគត ដែលបានធ្វើការជួយថែទាំ ដល់កុមារដែលជាក្មេងកំព្រារគ្មានទីពឹង និងទីទាល់ក្រ ដោយលោកគ្រូអ្នកគ្រូ បានធ្វើការថែទាំកុមារទាំងអស់យ៉ាងលំបាក ប្រៀបដូចជាម្តាយបង្កើត តាមរយៈការថែទាំកុមារ និងទារក ដែលត្រូវបានគេបោះបង់ចោល អោយមានពន្លឺជីវិតឡើងវិញដូចគេឯង។

  បើតាមរបាយការណ៍របស់ លោក នួន សុថេរ៉ូ ប្រធានមជ្ឈមណ្ឌលពន្លឺអនាគត បានអោយដឹងថា សព្វថ្ងៃ មជ្ឈមណ្ឌលបានទទួលថែទាំទំនុកបំរ៉ុង ទាំងការស្នាក់នៅ ទាំងការបរិភោគជូនដល់កុមារ ដែលជាក្មេងកំព្រារគ្មានទីពឹង និងទីទាល់ក្រ ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌល មានកុមារកំពុងស្នាក់នៅ និងសិក្សាមានចំនួន ៦៥នាក់ ក្នុងនោះស្រី៣៩នាក់និងមានកុមារចំនួន២០នាក់ រៀននៅមជ្ឈមណ្ឌល តែទៅស្នាក់នៅក្រៅមជ្ឈមណ្ឌល។   

  ជាមួយគ្នានោះអភិបាលខណ្ឌក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សូមចូលរួមជួយដល់មជ្ឈមណ្ឌលពន្លឺអនាគត និងចូលរួមជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានការទីទាល់ក្រ និងជួបទុក្ខលំបាកផ្សេងៗ តាមគ្រប់សកម្មភាពមនុស្សធម៌ផងដែរ ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា