ព័ត៌មានជាតិ

កម្លាំងនគរបាល បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីដឹកទឹកទៅសង្គ្រោះត្រីនៅក្នុងកស្សិណ្ធុប្រាសាទបាគង

image

 សៀមរាប៖ ពេញមួយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចូលរួមសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង និងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានរៀបចំបូមយកទឹកបង្ហូរបញ្ចូលទឹកកស្សិណ្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីប្រាមួយចំនួនដែលនៅសល់ បន្ទាប់ពីត្រីប្រាជាច្រើនក្បាលបានងាប់ ដោយសារបញ្ហាខ្វះទឹក។


បើតាមឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ប្រើទឹកសរុបអស់ចំនួន ២៤ឡាន ក្នុងនោះមាន ៖ ១. រថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់៦រថយន្ត។ ២. រថយន្ដពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៨រថយន្ត ។ ៣. រថយន្ដពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្ត ចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ ៧រថយន្ត និង៤. រថយន្ដពន្លត់អគ្គិភ័យ អាជ្ញាធរអប្សារា ចំនួន ១ គ្រឿងប្រើប្រាស់ទឹកអស់ ៣រថយន្ត។


បើតាមលោក ឡេង កុសល បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះ ជាកស្សិណ្ធុមួយដែលរង់ចាំទឹកភ្លៀងប៉ុណ្ណោះ ដូចជាស្រះសង់ដែរ មិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគង មិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំង ដែលធ្វើឲ្យត្រីមួយចំនួនងាប់។
គួរបញ្ជាក់ថា ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុនេះ។


ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទ បានឱ្យដឹងថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ។ ពួកគាត់រស់នៅទីនេះខ្លះមានអាយុ ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញកស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូងហើយ ដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗជាច្រើនបែបនេះ។
ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ដែលគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬព្រះសង្ឈយកមកលែងកាលពីមានទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួន បានងាប់ ហើយត្រូវបានគេយកទៅកប់ចោល ខណៈត្រីនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋ យកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀត បាននិងកំពុងរស់នៅក្នុងទឹកតិចរាក់ ក្នុងកស្សិណ្ឌុនេះ។


បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ទៀតថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត៕

ព័ត៌មានទាក់ទង...