ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យធំមួយនៅបូលីវី បិទទ្វារដោយសារក្រុមគ្រូពេទ្យ បានឆ្លងវីរុសកូវីដ១៩

image

បូលីវី៖ មន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងឡាប៉ាស់ (La Paz) ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យធំៗបំផុតរបស់ប្រទេសបូលីវី បានបិទទ្វារ បន្ទាប់ពីមានការរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងចំណោមបុគ្គលិករបស់មន្ទីរពេទ្យនោះ។

គ្រូពេទ្យ ៧នាក់ ត្រូវបានរាយការណ៍ថា បានឆ្លង ហើយចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ដោយសារតែក្រុមមន្ត្រី កំពុងរង់ចាំលទ្ធផលរបស់ក្រុមគ្រូពេទ្យដទៃទៀត។

ក្រុមគ្រូពេទ្យនៅបូលីវី បានត្អូញត្អែរថា ធនធានសំខាន់ៗ ដូចជាឧបករណ៍ពាក់ការពារខ្លួន កំពុងខ្វះខាតក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩។

បូលីវី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងទ្វីបអាមេរិក បានដាក់ចេញវិធានការរឹតបន្តឹងដ៏ម៉ឺងម៉ាត់ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសនេះ។

ប៉ូលីស ត្រូវបានដាក់ពង្រាយឱ្យបំពេញកាតព្វកិច្ចបញ្ឈប់រាល់ការជួបជុំជាសាធារណៈដោយគ្មានការអនុញ្ញាត។ កាលពីថ្ងៃចន្ទ អ្នកស្រុកមួយក្រុម ត្រូវបានប៉ូលិសចាប់ឃុំខ្លួនដោយសារជួបជុំគ្នាលេងបាល់ទាត់។

គិតត្រឹមថ្ងៃចន្ទ បូលីវី បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ១៨,០០០នាក់ និងច្រើនជាង៦០០នាក់បានស្លាប់ដោយសារវីរុសនេះ៕


ព័ត៌មានទាក់ទង...