ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍ក្នុងកូរ៉េខាងជើង

image

ជប៉ុន៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងបន្តឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍ក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថាក្រុងព្យុងយ៉ាង បានបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងរួមជាមួយកូរ៉េខាងត្បូង។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយថា ជប៉ុនបានដឹងអំពីការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលថា កូរ៉េខាងជើងបានបំផ្ទុះ កម្ទេចចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េនោះនៅក្នុងទីក្រុងកែសុង (Kaesong) ជាប់ព្រំដែនកូរ៉េខាងត្បូង ប៉ុន្តែបានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីសកម្មភាពនេះរបស់កូរ៉េខាងជើងឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយថា «ក្នុងករណីណាក៏ដោយប្រទេសជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានាដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីប្រមូល និងវិភាគព័ត៌មានចាំបាច់ហើយជប៉ុន នឹងបន្តប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍នាពេលនេះ»។

ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ បានកើនឡើងនៅពេលទីក្រុងព្យុងយ៉ាង បានគំរាមកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េ និងចាត់វិធានការសងសឹកប្រសិនបើក្រុមផ្ដាច់ខ្លួនពីកូរ៉េខាងជើងនៅតែបន្តបញ្ជូនខិត្តប័ណ្ណដែលមានសរសេរសាររិះគន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួមទាំងការរំលោភសិទ្ធិមនុស្សចូលមកក្នុងកូរ៉េខាងជើងទៀត។

កាលពីព្រឹកថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានរាយការណ៍ដោយស្រង់សម្តីយោធាដែលនិយាយថា យោធាកូរ៉េខាងជើងកំពុងសិក្សាផែនការសកម្មភាពដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងតំបន់គ្មានយោធាឡើងវិញ ហើយប្រែក្លាយតំបន់នោះឱ្យទៅជាបន្ទាយយោធាដ៏រឹងមាំ៕