ព័ត៌មានជាតិ

ថវិកាជាង ៨០០លានរៀល ដែលបានមកពីការលក់ស្លាកលេខពិសេស "កម្ពុជា ៥" ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផា

image

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនានេះ បាននាំយកថវិកាវិភាគទានសប្បុរសធម៌ ចំនួន ៨០០ ៤៨០ ០០០ រៀល ដែលបានមកពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅប្រគល់ជូនមូលនិធពេទ្យគន្ធបុប្ផាកម្ពុជា។

ពិធីប្រគល់ បានប្រព្រឹត្តទៅក្រោមវត្តមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមានលក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសសម្បូណ៌បែបជូនប្រជាពលរដ្ឋ។

ស្លាកលេខប្រភេទនេះ បង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

សម្រាប់ថ្ងៃនេះ ជាលើកទីពីរហើយ ដែលក្រសួងសាធារណការ បានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាដែលបានប្រគល់ជូនលើកនេះ មានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។

យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រគល់ថវិកានេះជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការពិនិត្យ និងការព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

ថ្លែងក្នុងពិធីនោះ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សមាជិកសមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួលបាននូវលទ្ធផលល្អប្រសើរ និងបានស្នើឱ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះ កាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកណូលជូនរដ្ឋបានកាន់តែច្រើន៕

ដោយ សិរី វឌ្ឍ

ព័ត៌មានទាក់ទង...