អាជ្ញាធរក្រុងព្រះសីហនុ ហាមមិនឱ្យលក់ដូរតាមរទេះរុញ ម៉ូតូ ឬរថយន្ត លក់នៅតាមដងផ្លូវ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះ
អត្ថបទ៖ គង់ ប៊ុនណា
ព្រះសីហនុ៖ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០តទៅ អាជ្ញាធរក្រុងព្រះសីហនុ នឹងមិនអនុញ្ញាតឱ្យអ្នកលក់ដូរសម្ភារប្រើប្រាស់ ម្ហូបអាហារ បន្លែ និងត្រីសាច់ ដែលដឹកតាមរទេះរុញ ម៉ូតូ ឬរថយន្ត នៅតាមដងផ្លូវ ចិញ្ចើមផ្លូវ និងទីតាំងសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ តទៅទៀតឡើយ។ នេះបើយោងតាមកិច្ចប្រជុំរបស់សាលាក្រុងព្រះសីហនុ ជាមួយក្រុមអាជីវករ។
យោងតាមខ្លឹមសារនៃអង្គប្រជុំ បានលើកឡើងថា ដោយសារអ្នកលក់ដូរទាំងអស់នោះ បានប្រើមធ្យោបាយចល័ត ដូចជា រទេះរុញ ម៉ូតូកង់បី និងរថយន្ត បានចតលក់ដូរលើដងផ្លូវ លើចិញ្ចើមផ្លូវតាមឆ្នេរ និងទីតាំងសាធារណៈនានាជាដើម ដែលជាហេតុបង្កការលំបាកជាច្រើន ដូចជា កកស្ទះចរាចរ និងអាចគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ, មិនមានសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម, បាត់បង់សោភ័ណភាពទីក្រុង, ការលក់ដូរមិនបានវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។
ម្យ៉ាងវិញទៀត អ្នកលក់ដូរតាមរទេះរុញ ម៉ូតូកង់បី និងរថយន្តចល័តទាំងនោះ មិនមែនជាអ្នករស់នៅក្រុងព្រះសីហនុ ឬខេត្តព្រះសីហនុទេ ភាគច្រើនបំផុតគឺ មកពីបណ្តាខេត្តផ្សេងៗ ហើយអ្នកទាំងនោះភាគច្រើន បានប្រាប់ថា ពួកគេស្នាក់នៅក្នុងម៉ូតូកង់បី និងក្នុងរថយន្តចល័តរបស់ខ្លួន រីឯអ្នកខ្លះបានប្រាប់ថា ស្នាក់នៅក្នុងដីឡូតិ៍ដែលម្ចាស់មិនរស់នៅផងដែរ។ បើដូច្នេះ ដីចិញ្ចើមផ្លូវ ដីអូរ ដីឆ្នេរ ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែ ប្រាកដជាក្លាយជាមុខសញ្ញាសម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាន។
យោងតាមខ្លឹមសារកិច្ចប្រជុំ សាលាក្រុងព្រះសីហនុ បានដាក់ចេញជាវិធានការចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ ដោយរដ្ឋបាលក្រុង នឹងមិនអនុញ្ញាតឱ្យមានរទេះរុញ ម៉ូតូកង់បី និងរថយន្តចល័ត ដោយយកដងផ្លូវ ចិញ្ចើមផ្លូវ ឆ្នេរ និងទីតាំង សាធារណៈចតលក់ដូរសម្ភារប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់នៅក្នុងក្រុងព្រះសីហនុតទៅទៀតទេ។ ករណីមិនអនុវត្តតាមការណែនាំរដ្ឋបាលក្រុង នឹងប្រើវិធានការរដ្ឋបាល ចាប់មធ្យោបាយទាំងនោះ យករក្សាទុកនៅសាលាក្រុងចាប់លើកទី១ រក្សាទុកចន្លោះ ១-២សប្តាហ៍ចាប់ ហើយបើមានលើក ទី២ នឹងមិនប្រគល់ឱ្យវិញទេ។
សាលាក្រុងព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលក្រុងព្រះសីហនុ មិនហាមឃាត់ចំពោះអ្នកដែលចង់ប្រកបអាជីវកម្ម ឬប្រកបមុខរបរ នៅក្នុងក្រុងព្រះសីហនុទេ ប៉ុន្តែត្រូវរកទីតាំងច្បាស់លាស់ និងស្របច្បាប់ដើម្បីប្រកបអាជីវកម្ម មិនអាចយកដងផ្លូវ ចិញ្ចើមផ្លូវ ឆ្នេរ និងទីសាធារណៈប្រកបអាជីវកម្មនោះទេ៕