ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យក្លែងឯកសាររដ្ឋបាលចំនួន ៣នាក់ ទៅតុលាការខេត្តកំពង់ធំ

image

ដោយ៖ គង់ ប៊ុនណា

កំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធបទល្មើសក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២០ ហើយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យ និងសុំរឿងរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ។

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ការឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ឋករណីក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយឈ្មោះ ខេង ខែម ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអ្នកក្លែងឯកសាររដ្ឋបាលខេត្តកំពង់ធំ បង្កើតក្រុមឌឺបេរបស់ខេត្ត រួមទាំងក្លែងលិខិតជាច្រើនទៀតដោយខ្លួនឯង (រូបភាព កាត់ហត្ថលេខា ត្រា) មកបិទលើឯកសារក្លែង ហើយទៅប្រើប្រាស់ធ្វើសកម្មភាពដើរទារលុយពី អ្នកដឹកអុស ដឹកឈើតាមឡាន តាមគោយន្តក្នុងភូមិសាស្រ្តស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ (តាំងខ្លួនជាប្រធានឌឺបេខេត្ត)។ ចំណែក ឈ្មោះ អឿន នឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាអនុប្រធានឌឺបេ (អ្នកប្រើប្រាស់លិខិត) និងឈ្មោះ នុត ខា ជាសមាជិក ឌឺបេ (អ្នកប្រើប្រាស់)។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ច បានដកហូតបានវត្ថុតាង មានលិខិតរដ្ឋបាលខេត្ត ស្តីពីការបង្កើតក្រុមឌឺបេចំនួន ៧ច្បាប់ (៧នាក់) លិខិតរដ្ឋបាលខេត្ត អនុញ្ញាតឱ្យឈ្មោះ សួន ជាតិ ឈូសឆាយដី, លិខិតរដ្ឋបាលខេត្ត អនុញ្ញាតឱ្យឈ្មោះ ធួន តុងហេង ទិញ-លក់ ដឹកជញ្ជូនឈើ រូមនឹងឯកសារ លិខិតក្លែងជាច្រើនមុខទៀត ផងដែរ។

សូមបញ្ជាក់ថា ការឈានដល់ការឃាត់ខ្លួនមនុសុ្សទាំង ៣នាក់ នេះ ក្រោមដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ប្រាសាទសំបូរ៕


ព័ត៌មានទាក់ទង...