រដ្ឋមន្ត្រីទេសចរណ៍ ប្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅខេត្តព្រះសីហនុ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ សិរី វឌ្ឍ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់អាជីវករទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅខេត្តព្រះសីហនុ។

មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង ៦នោះ រួមមាន៖ អាជីវកម្មសេវាស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក សហគមន៍ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍។

លោករដ្ឋមន្ត្រី បានប្រាប់មូលដ្ឋានទេសចរណ៍ទាំង៦ ត្រូវតែអនុវត្តតាមឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាព ដែលបានប្រកាសដាក់ឱ្យអនុវត្តថ្មីៗកន្លងទៅនេះ ដើម្បីឱ្យវិស័យទេសចរណ៍មានដំណើរល្អឡើងវិញ និងធានាបានសុវត្ថិភាពសម្រាប់ទេសចរនៅកម្ពុជា ព្រោះប្រសិនបើអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ទាំងឡាយ មិនជួយគ្នាធ្វើតាមវិធាននេះទេ វិស័យទេសចរណ៍នៅកម្ពុជាមិនអាចបន្តសកម្មភាពទៅបានល្អនោះឡើយ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការណែនាំ និងតាមដានការអនុវត្តរបស់ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធនឹងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងនោះ មានមន្ទីរទេសចរណ៍ ដែលត្រូវដើរតួនាទីជាអង្គភាពជំនាញចុះផ្សព្វផ្សាយដល់អាជីវករ បណ្តុះបណ្តាលបន្តអំពីការអនុវត្តដល់អង្គភាពពាក់ព័ន្ធ និងអ្វីដែលសំខាន់នោះ។

ដោយឡែក មន្ទីរសុខាភិបាល ដែលជាអង្គភាពមានភារកិច្ចបញ្ជាក់លើសុវត្ថិភាពចំណីអាហារ ជាពិសេសក្នុងដំណាក់កាលនេះ ត្រូវដើរតួនាទីបន្ថែមជាអង្គផ្សព្វផ្សាយនូវរាល់ការណែនាំថ្មីៗរបស់ក្រសួងសុខាភិបាល ដូចជាការប្រើប្រាស់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពជាដើម ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តចាត់តាំងជាក្បាលម៉ាស៊ីនដឹកនាំក្នុងកិច្ចការងារនេះ។ រដ្ឋបាលក្រុង-ស្រុក ក៏ត្រូវចូលរួមជួយគាំទ្រដល់ការអនុវត្តនេះ និងផ្តល់កិច្ចសហការលើគ្រប់រូបភាព ទាំងសម្រាប់ពេលចុះផ្សព្វផ្សាយ ណែនាំ និងការតម្រូវឱ្យអនុវត្តផ្សេងៗដូចជាការតម្រូវឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្នជាដើម។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានលើកឡើងថា គោលដៅទេសចរណ៍តាមមាត់ឆ្នេរសមុទ្រ មានការប្រមូលផ្តុំសេវាកម្មទេសចរណ៍ជាច្រើនបញ្ចូលគ្នា ដែលភាគច្រើនមានសេវាម្ហូបអាហារ កីឡាទេសចរណ៍ និងពេលខ្លះអាចមានរួមទាំងសេវាកម្មដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ផងដែរនៅក្នុងគោលដៅរមណីយដ្ឋានទេសចរណ៍ជាប្រភេទ «ឆ្នេរកម្សាន្ត»។

ដោយឡែក នៅក្នុងវិស័យទេសចរណ៍ ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី (New Business Model) ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះ ទី១-អាជីវកម្មអាចអនុវត្តដំណោះស្រាយឌីជីថល (Digital Solutions) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងទី២-ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។

ទន្ទឹមនឹងនេះ ត្រូវជំរុញណែនាំមូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ ឱ្យគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ដើម្បីអនុវត្តតាម «គោលការណ៍ណែនាំថ្មី New Norms/Protocols» ទាំងសម្រាប់មូលដ្ឋានអាជីវកម្មដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលមានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន (ដូចជាលទ្ធភាពទទួលភ្ញៀវបានចំនួនតិចជាងមុន និងចំណាយប្រតិបត្តិការខ្ពស់ជាងមុន) ក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងភ្ញៀវ និងបុគ្គលិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation