ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី នាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនពលរដ្ឋក្រីក្រជាង ១០០គ្រួសារនៅស្រុកកោះញែក

image

មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ សរុបចំនួន ១០១គ្រួសារ ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលនោះទេ ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាកបានមួយរយៈផងដែរ”។ 

លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗ ដើម្បីឱ្យជីវភាពកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០១គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ឃីត ១កញ្ចប់ និងសម្ភារការពារជំងឺកូវីដ១៩។

ក្រៅពីនេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៦០ម៉ឺនរៀល ប្រគេនជូនដល់ព្រះសង្ឃគង់នៅវត្តគិរីរម្យ (ហៅវត្តទី៤) ក្នុងឃុំស្រែសង្គម ស្រុកកោះញែកផងដែរ៕ អត្ថបទ៖ នាង ចន្ថា & ប៊ុត សុភក្រ


ព័ត៌មានទាក់ទង...