ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការចិញ្ចឹមជ្រូកក្នុងស្រុក នឹងអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ ក្នុង  រយៈពេល ២ទៅ ៣ឆ្នាំទៀត
| ព័ត៌មានជាតិ
SHARE

កណ្តាល÷ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការដាក់ចេញវិធានការកាត់បន្ថយការនាំចូលសត្វជ្រូកពីក្រៅប្រទេស របស់ក្រសួងកសិកម្ម នៅក្នុងអំឡុងពេលកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងតម្រង់ទិសដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកបង្កើនការចិញ្ចឹម ដែលរំពឹងថា នឹងអាចធានាការផ្គត់ផ្គង់ដោយខ្លួនឯងបាន ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃជ្រូកនៅកម្ពុជា បានហក់ឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យ ម្ចាស់កសិដ្ឋាន និងកសិករចិញ្ចឹមជ្រូកបង្កើនការចិញ្ចឹមគួរឱ្យកត់ស្គាល់ ដោយសារឧស្សាហកម្មចិញ្ចឹមជ្រូកនៅប្រទេសវៀតណាមកំពុងជួបបញ្ហា ដែលបណ្តាលមកពីជំងឺប៉េស្តជ្រូកអាហ្វ្រិកញំាញីតាំងពីឆ្នាំមុន។

ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩នេះ ក្រសួងកសិកម្ម បានចាត់វិធានការរឹតបន្តឹងការនាំចូលជ្រូកពីក្រៅប្រទេស ដែលបារម្ភថា ការផ្គត់ផ្គង់អាចមិនធានានិរន្តភាព ប្រសិនបើស្ថានភាពជំងឺកូវីដរីករាលដាលកាន់តែខ្លាំង និងអូសបន្លាយពេលកាន់តែយូរនោះ។ 

ម៉្យាងទៀត វាជាឱកាសដ៏ល្អសម្រាប់ជំរុញឱ្យប្រពលរដ្ឋក្នុងស្រុកបង្កើនការចិញ្ចឹមជ្រូក បង្កើតចំណូលគ្រួសារ ក្នុងពេលមានវិបត្តិការងារ និងការត្រឡប់មកស្រុកកំណើតវិញ របស់ប្រជាពលដ្ឋពីការចំណាកស្រុក ធ្វើការនៅក្រៅប្រទេស។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ការចិញ្ចឹមជ្រូកនៅក្នុងស្រុកសព្វថ្ងៃអាចផ្គត់ផ្គង់ទីផ្សារបានជាមធ្យមប្រមាណ ៥០០០ទៅ ៦០០០ក្បាល ក្នុងមួយថ្ងៃ ខណៈតម្រូវការទីផ្សារទាំងមូលមានចន្លោះពី ៨០០០ទៅ ៩០០០ក្បាល ក្នុងមួយថ្ងៃ។

លោកថ្លែងថា បច្ចុប្បន្នកម្ពុជា នាំចូលជ្រូកពីប្រទេសថៃ តែមួយប៉ុណ្ណោះ ក្នុងពេលប្រទេសវៀតណាម កំពុងខ្វះខាត ជាងប្រទេសកម្ពុជាទៅទៀត។ ដូច្នេះហើយ ជាហេតុធ្វើឱ្យតម្លៃជ្រូករស់នៅលើទីផ្សារហក់ឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែលោកជឿថា តម្លៃជ្រូកនឹងធ្លាក់ថ្លៃទៅវិញ នៅពេលបញ្ចប់វិបត្តិជំងឺកូវីដ-១៩។

ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជារូបនេះ បារម្ភថា នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ឧស្សាហកម្មចិញ្ចឹមជ្រូកវៀតណាម នឹងងើបឡើងវិញ ហើយការហូរចូលជ្រូកខុសច្បាប់មកកម្ពុជា អាចនឹងកើតឡើងជាថ្មី ដែលវានឹងសម្លាប់អាជីវកម្មចិញ្ចឹមជ្រូកក្នុងស្រុក ជាពិសេសកសិករចិញ្ចឹមជ្រូក ក្នុងស្រុក ដែលកំពុងបង្កើនទុន និងខ្ចីទុនពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីពង្រីកការចិញ្ចឹមរបស់ខ្លួន។

លោក ស៊្រុន ពៅ ស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តអនុវត្តវិធានការបែបនេះ ក្នុងរយៈពេលយូរអង្វែង ដើម្បីផ្តល់ឱកាសឱអ្នកចិញ្ចឹមជ្រូកក្នុងស្រុកពង្រីកមុខរបររបស់ខ្លូន និងឈានទៅកាត់បន្ថយការនាំចូលពីក្រៅប្រទេសជាអតិបរិមានាពេលខាងមុខ។

ទោះជាយ៉ាងណា លោកថ្លែងថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គ្មានមានបំណងហាមឃាត់ មិនឱ្យនាំចូលជ្រូកនោះទេ ប៉ុន្តែអ្វីដែលសមាគម និងអ្នកចិញ្ចឹមក្នុងស្រុកចង់បាននោះ គឺចង់ឱ្យកំណត់ ការនាំចូលឱ្យត្រឹមត្រូវ ប្រសិនខ្វះចំនួនប៉ុន្មានត្រូវនាំចូលចំនួនដែលខ្វះនោះ កុំនាំចូលលើសពីអ្វីដែលខ្វះនោះ ព្រោះវានឹងធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកត្រូវក្ស័យធន់។

លោក ស៊្រុន ពៅ បានបង្ហាញការគាំទ្រចំពោះក្រសួងកសិកម្ម ដែលកំណត់តម្លៃជ្រូករស់នៅក្នុងទីផ្សារបច្ចុប្បន្នក្នុងចន្លោះពី ១២០០០ ទៅ ១៣០០០រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែអ្វីដែល នៅតែជាបន្ទុកសម្រាប់ប្រជាពលរដ្ឋអ្នកបរិភោគសាច់ជ្រូកនោះ គឺតម្លៃសាច់ជ្រូកនៅលើទីផ្សារ នៅតែមានតម្លៃខ្ពស់ បានឡើងថ្លៃហើយ មិនចុះមកវិញឡើយ។ សព្វថ្ងៃសាច់ជ្រូក ១គីឡូក្រាមថ្លៃប្រហែល ២៥០០០រៀល។

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចកាត់បន្ថយការនាំចូលជ្រូករស់ពីក្រៅប្រទេសរហូតដល់ទៅជាង ៧០ភាគរយ ដើម្បីលើកស្ទួយផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុក និងធានាសន្តិសុខស្បៀងក្នុងប្រទេស។

សូមជម្រាបថា សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន ២,៣លានក្បាល។ តាមតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងថា ក្នុងមួយឆ្នាំ កម្ពុជា បានចំណាយនាំចូលជ្រូកពីបរទេសប្រមាណ ៤០០លានដុល្លារ ហើយបើគិតទាំងមាន់ ទា និងបន្លែ កម្ពុជាត្រូវចំណាយជិត ១ពាន់លានដុល្លារ៕អត្ថបទ ៖ គង់ វណ្ណៈ 

 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation