ព័ត៌មានជាតិ

គ្រប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវធ្វើតេស្តរកកូវីដ និងដាក់ចត្តាឡីស័កទាំងអស់

image

អត្ថបទ៖ គង់ វណ្ណៈ (សង្គម)

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានអះអាងថា អ្នកដំ ណើរមកពីក្រៅប្រទេសចំនួន ១២.៦០០នាក់ ដែលបានត្រឡប់ចូលមកកម្ពុជា និងបានធ្វើតេស្ដរកមេរោគកូវីដ-១៩ទាំងអស់ បើគិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន ៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

លោកស្រីបានថ្លែងថា អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ទាំងអស់សរុប ១២.៦០០នាក់ហើយ ដែលបានធ្វើដំណើរចូលមកកម្ពុជា ហើយរាល់អ្នកដំណើរទាំងអស់ គឺត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩ ដោយមិនលើកលែងនរណាម្នាក់ឡើយ រាល់អ្នកធ្វើដំណើរទាំងអស់ គឺត្រូវអនុវត្ដតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រីបានបញ្ជាក់ថា៖ «ទោះបីជាមានអ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ និងជើងហោះហើរពេលយប់ក្ដី ក្រុមមន្ដ្រីសុខាភិបាលរបស់យើង នៅតែបន្ដធ្វើការងារធ្វើតេស្ដនេះ ពេញ ២៤ម៉ោង ដោយមិនរុញរាឡើយ»។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មានករណីជាសះស្បើយម្នាក់ គឺបុរសជនជាតិខ្មែរ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង និងមិនមានករណីរកឃើញថ្មីនោះទេ។ ដូច្នេះ គិតត្រឹមថ្ងៃនេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ដដែល (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។

រីឯចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៨នាក់ (ស្មើនឹង ៩៨,៤៦% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់៕