ព័ត៌មានអន្តរជាតិ

ចិន នឹងសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅលើមនុស្សនៅអេមីរ៉ាតអារ៉ាប់រួម

image

ចិន៖ ក្រុមហ៊ុនឱសថ CNBG របស់ចិន បានប្រកាសថា ខ្លួននឹងសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅលើមនុស្សក្នុង«ដំណាក់កាលទី៣» លក្ខណៈទ្រង់ទ្រាយធំនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ប្រទេសចិន កំពុងស្វែងរកការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្រៅប្រទេស ដោយសារតែចំនួនអ្នកឆ្លងថ្មីនៅក្នុងប្រទេសរបស់គេ មានចំនួនទាប ដោយកាលពីខែមុន ចិនបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាមធ្យមតិចជាង១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

ការធ្វើតេស្តិ៍នោះ តម្រូវឱ្យអនុវត្តទៅលើមនុស្សរាប់ពាន់នាក់ និងជាធម្មតាត្រូវធ្វើឡើងនៅក្នុងប្រទេសដែលវីរុសកូវីដ១៩កំពុងរីករាលដាលខ្លាំង ដើម្បីឱ្យក្រុមអ្នកស្រាវជ្រាវ អាចត្រួតពិនិត្យលើប្រសិទ្ធភាពរបស់វ៉ាក់សាំងនោះ នៅក្នុងស្ថានភាពជាក់ស្តែង។

បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាច្រើនប្រភេទ កំពុងត្រូវបានគេធ្វើតេស្តិ៍នៅជុំវិញពិភពលោក។ ប៉ុន្តែមិនទាន់មានវ៉ាក់សាំងណាមួយ ដែលទទួលបានជោគជ័យនៅក្នុងការធ្វើតេស្តិ៍ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនេះនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថ CNBG បានផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២ប្រភេទដែលបានចាក់ទៅលើមនុស្សជាង ២ពាន់នាក់នៅក្នុងការធ្វើតេស្តិ៍លើកមុននៅក្នុងប្រទេសចិន៕ប្រែសម្រួលដោយ៖ ហ៊ាង នីតា