ព័ត៌មានអន្តរជាតិ

អូស្ត្រាលី រាយការណ៍ពីករណីស្លាប់លើកដំបូង ដោយវីរុសកូវីដ១៩ ក្នុងរយៈពេលជាងមួយខែ

image

អូស្ត្រាលី៖ រដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេលំដាប់ទី២របស់អូស្រ្តាលី នៅថ្ងៃពុធនេះ បានប្រកាសថា បុរសម្នាក់អាយុប្រហែល ៨០ឆ្នាំ បានស្លាប់កាលពីយប់មិញ ដោយសារវីរុសកូវីដ១៩ ដែលនោះ ជាករណីស្លាប់លើកដំបូងដោយសារវីរុសនេះ ក្នុងរយៈពេលជាងមួយខែមកនេះ ក្នុងប្រទេសអូស្ត្រាលី ។

ប្រធានសុខាភិបាលប្រចាំរដ្ឋវីកតូរៀ បាននិយាយថា រដ្ឋវីកតូរៀ បានរកឃើញមនុស្ស ២០នាក់ថែមទៀត ដែលបានឆ្លងវីរុសកូវីដ១៩ កាលពីយប់មិញ ដោយនាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងរដ្ឋនេះកើនឡើងជិតដល់ ១,៩០០នាក់ ។
ការកើនឡើងនូវករណីឆ្លងថ្មីក្នុងរដ្ឋវីកតូរៀ បានធ្វើឱ្យមានការបារម្ភអំពីរលកទី២នៃការឆ្លងរាតត្បាតរបស់វីរុសនេះ ស្របពេលដែលករណីឆ្លងចំនួន ២៤១នាក់នៅក្នុងរដ្ឋនេះ ត្រូវបានកំណត់ថា ជាការឆ្លងក្នុងសហគមន៍។

រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី បានបញ្ជាក់ថា ពលរដ្ឋក្នុងរដ្ឋវីកតូរៀ បានបន្ធូរដៃក្នុងការអនុវត្តគោលការណ៍រក្សាគម្លាតឱ្យឆ្ងាយពីគ្នា នៅពេលមានការធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលនោះប្រហែលជាកត្តាមួយនាំឱ្យមានការកើនឡើងនៃករណីឆ្លង។

រហូតមកដល់ពេលនេះ អូស្រ្តាលី មានអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ មិនច្រើនខ្លាំងទេដោយមានអ្នកស្លាប់តែ ១០៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៧,៥០០នាក់៕



ព័ត៌មានទាក់ទង...