ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជំរុញអាជីវករផ្សារប៉ាំង្គសី បញ្ឈប់ការយកចិញ្ចើមផ្លូវ ដាក់តាំងលក់ទំនិញ

image

កំពង់ស្ពឺ៖ រដ្ឋបាលស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ និងរដ្ឋបាលស្រុកសំរោងនៃខេត្តតាកែវ បានសហការគ្នា ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារប៉ាំង្គសី ខណៈដែលក្រុមអាជីវករ នៅតែបន្តយកចញ្ចើម និងទ្រូងផ្លូវមួយចំណែក ដាក់តាំងទំនិញ។

លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ដែលបានដឹកនាំកងកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារប៉ាំង្គសី ឃុំទូលអំពិល តាមបណ្ដោយផ្លូវជាតិលេខ៣ បានឱ្យដឹងថា គោលបំណងនៃស្នើសុំ និងចុះមករៀបចំសណ្ដាប់ធ្នាប់នេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍ និងធ្វើឱ្យមូលដ្នានមានសោភ័ណភាពល្អឡើងវិញ បន្ទាប់ពីក្រុមអាជីវករ លក់ទំនិញ បន្លែ ត្រី សាច់ លើគ្រែ ក្នុងតូប និងខ្លះតសំយ៉ាបផ្ទះលយលើផ្លូវជាតិ និងការចតកង់ ម៉ូតូ រថយន្ត រំលោភលើទ្រូងផ្លូវ បណ្ដាលឱ្យផ្លូវរួមតូច បង្កជាការកកស្ទះ រំខានដល់អ្នកធ្វើដំណើរ ខកខានម៉ោងធ្វើការរបស់កម្មករ កម្មការិនីរោងចក្រ ដែលឆ្លងកាត់តំបន់នេះម្ដងៗ។ ពិសេសទៅទៀត គឺលំបាកដល់ក្រុមហ៊ុនដែលកំពុងធ្វើផ្លូវ ពីភ្នំពេញទៅខេត្តកំពតផងដែរ។

មូលហេតុខាងលើនេះហើយ ទើបរដ្ឋបាលស្រុកបសេដ្ឋ សហការជាមួយរដ្ឋបាលស្រុកសំរោង ខេត្តតាកែវ ចុះរៀបចំឱ្យក្រុមអាជីវករទាំងអស់ មានកន្លែងលក់ដូរសមរម្យ បរិស្ថានល្អ មានកន្លែងចតយានយន្ត និងមានសុវត្ថិភាពជាងមុន ដែលជាទីតាំងក្បែរទីតាំងចាស់ មានចម្ងាយប្រមាណជាង៥០ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ០៣ ដដែល។

ទោះយ៉ាងនេះក្ដី ក្រុមអាជីវករមួយចំនួន ហាក់មិនចង់រើចេញទេ ក្រោមហេតុផលថា ទីតាំងចាស់មានអតិថិជនស្គាល់ច្រើនស្រាប់ ដែលនាំឱ្យលក់ដាច់ជាងទីតាំងថ្មី ហើយនិងខ្លាចដាច់ម៉ូយប្រសិនបើរើចេញទៅចាប់ទីតាំងថ្មី មិនចំកន្លែងល្អ(ទីតាំងជួរមុខ)៕
អត្ថបទ៖ យ៉ង់ សុភា



ព័ត៌មានទាក់ទង...