ADB ផ្តល់ហិរញ្ញប្បទានទឹកប្រាក់១៩០លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍
| ព័ត៌មានជាតិ
SHARE

នៅពេលនេះ ធនាគារអភិវឌ្ឍន៏អាស៊ី ហៅកាត់ ADB បានផ្តល់ហិរញ្ញប្បទានក្នុងទឹកប្រាក់សរុបចំនួន១៩០លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់គម្រោងភាតរៈបរិស្ថាន និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣។

ការផ្តល់ហិរញ្ញប្បទាននេះ បានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី៦ ខែកក្កដានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Hideaki Iwasaki នាយកស្តីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងទាំង២នេះគឺ ទី១ គម្រោងខ្សែចង្វាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន គ្រោងចំណាយថវិកាសរុបចំនួនជាង ១៤១លានដុល្លារអាមរិក សម្រាប់គាំទ្រដល់ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមជនបទ និងជំរុញនូវការប្រកួតប្រជែងនៃចង្វាក់ផលិតកម្មកសិកម្ម គាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤ -២០១៨, គោលនយោបាយជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សា- ហកម្មកម្ពុជា ឆ្នាំ២០១៥ - ២០២៥។

ទី២ គឺគម្រោងកែលម្អផ្លូវជនបទជំហានទី៣ គ្រោងចំណាយថវិកាសរុបចំនួន ៦៦ លានដុល្លារអាមរិក សម្រាប់ធ្វើការកែលម្អបន្ថែមផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ដែលមានចំនួន ២២ ខ្សែ និងមានប្រវែងសរុបជិត ៣៦០ គីឡូម៉ែត ស្ថិតក្នុងខេត្តគោលដៅចំនួន ០៥ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងក្រចេះ។ គម្រោង នេះក៏នឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ រួមមានការធានាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទឱ្យមានគម្លាតខិតជិតទីប្រជុំជននៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា បើតាមប្រសាសន៏ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ធនាគារអភិវឌ្ឍន៏អាស៊ីADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ២ពាន់៩៥០ លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៏ជាច្រើននៅប្រទេសកម្ពុជា៕

អត្ថបទ ៖ចេង ឆហួត​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation