ព័ត៌មានជាតិ

សាលារៀនដ៏ប្លែកទាក់ទាញមួយ នៅខេត្តបាត់ដំបង ឈ្នះពានរង្វាន់កម្រិតពិភពលោក

image

អត្ថបទ៖ លាភ

បាត់ដំបង៖ សាលារៀន ដែលជាគម្រោងសប្បុរសធម៌បង្កើតឡើងដោយក្រុមហ៊ុនហុងកុង ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ បានទទួលពានរង្វាន់កម្រិតពិភពលោក ផ្នែកស្ថាបត្យកម្មល្អឯក (World Architecture Community Awards-WA Awards) ។ នេះបើយោងតាមគេហទំព័រ Worldarchitecture.org ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។


សាលាបឋមសិក្សាខាងលើ ស្ថិតក្នុងគម្រោងឈ្មោះថា "សាលារៀនសាកលបែបផ្សងព្រេង” ដែលមានការរចនាដោយប្រើលំនាំ "ក្រឡាចត្រង្គ” ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្ស។

ការរចនាបែបក្រឡាចត្រង្គ បានផ្ដល់នូវខ្យល់ចេញចូលបានល្អ ជាធ្នើរ និងជាប្រអប់សម្រាប់ដាក់សម្ភារសិក្សា។ សិស្សានុសិស្ស ក៏អាចលេងកម្សាន្តនៅតាមប្រលោះក្រឡាចត្រង្គ បានថែមទៀតផង។ នៅជាន់ក្រោម ទីធ្លាមានភាពធំទូលាយ ហើយអគារសាងសង់ខ្ពស់ពីដី ការពារទឹកជំនន់។

គម្រោងនេះ បានជំរុញការតភ្ជាប់បណ្ដាញអគ្គិសនី បង្កើនការងារសម្រាប់អ្នកភូមិ និងប្រព័ន្ធចម្រោះទឹកស្អាត នៅជុំវិញទីតាំងគម្រោង។ អគារនេះ មិនត្រឹមតែសម្រាប់បម្រើដល់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតផ្ដល់ជាទីកន្លែងសម្រាប់ការជួបជុំរបស់អ្នកភូមិផងដែរ។

សូមជម្រាបថា សាលារៀននេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៥ និងរួចរាល់នៅឆ្នាំ២០១៧ លើផ្ទៃដី ៥៣០ម៉ែត្រការ៉េ មានជាន់ផ្ទាល់ដី និងជាន់ទី១ ដោយក្រុមហ៊ុនហុងកុង Orient Occident Atelier៕