ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងហ្លួងម៉ែ រាជានុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលទទួលព្រះរាជទ្រព្យ ២លានដុល្លារអាមេរិក

image

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលនូវព្រះរាជទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម នៃព្រះអង្គទាំងទ្វេ ចំនួន ២ លានដុល្លារ ២,០០០,០០០USD (ពីរលានដុល្លារសហរដ្ឋអាមេរិក)។

ក្នុងនោះព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ចំនួន ១លានដុល្លារ និងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រ ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ២ លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19។

គួរបញ្ចាក់ផងដែរថា នេះជាលើកទី២ ហើយដែលព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់សម្រាប់ជាវិភាគទានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយក្នុងលើកទី១ បានប្រោសព្រះរាជូបត្ថម្ភ ៣០ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖ អេង ស្រីទៀង



ព័ត៌មានទាក់ទង...