ព័ត៌មានអន្តរជាតិ

ក្លាយជាមហាសេដ្ឋីមួយរំពេច ក្រោយកម្មករជីកត្បូងតូចតាចម្នាក់ រកឃើញត្បូងដ៏មានតម្លៃ ២ដុំ

image

តង់ហ្សានី៖ កម្មករជីកត្បូងតូចតាចមួយរូប បានក្លាយជាមហាសេដ្ឋីប្រាក់លាន បន្ទាប់ពីរកឃើញត្បូងដ៏កម្រប្រចាំប្រទេសតង់ហ្សានី ដែលមានឈ្មោះថា ត្បូង Tanzanite ហើយគាត់ បានលក់ទៅឱ្យរដ្ឋាភិបាលនៃប្រទេសតង់ហ្សានី។

លោក Saniniu Kuryan Laizer អាយុ ៥២ឆ្នាំ បានជីកប្រទះឃើញត្បូងដ៏មានតម្លៃនេះ ទម្ងន់ ៩,២៧គីឡូក្រាម និង ៥,១ គីឡូក្រាម នៅតំបន់ខ្ពង់រាប Mirerani ដែលបានជាតំបន់អភិរក្សការពារពីការជួញដូរត្បូងខុសច្បាប់ កាលពីឆ្នាំ២០១៨។ ត្បូងទាំងពីរដែលកម្មករជីកត្បូងនោះបានរកឃើញ មានតម្លៃ ៣,៧ លានដុល្លារ និង ៣,២ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ Dotto Biteko បានថ្លែងកាលពីថ្ងៃពុធ ក្នុងពិធីអបអរការរកឃើញត្បូងដ៏មានតម្លៃនេះ ថា ត្បូងដែលលោក Saniniu Kuryan Laizer បានរកឃើញ គឺជាត្បូង Tanzanite ធំបំផុត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសតង់ហ្សានី។

ចំពោះលោក Saniniu Kuryan Laizer បន្ទាប់ពីទទួលប្រាក់ជិត ៧លានដុល្លារអាមេរិក លោកបាននិយាយថា គាត់នឹងប្រើប្រាស់សម្រាប់អភិវឌ្ឍសហគមន៍របស់ខ្លួន ដូចជា សាងសង់ផ្សារទំនើបមួយ និង សាលារៀនមួយ៕

ប្រភព៖ AFP
ប្រែសម្រួល៖ លាភ


ព័ត៌មានទាក់ទង...