រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ មិនអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនព្យាបាល និងលក់ថ្នាំរបេងឡើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងមិនអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជន ព្យាបាលអ្នកជំងឺ និងលក់ឱសថរបេងឡើយ ព្រោះជំងឺមួយនេះត្រូវប្រើរយៈពេលយូរអង្វែងរហូតដល់ ៦ខែ និងថ្នាំមានតម្លៃថ្លៃថែមទៀត ដូច្នេះអ្នកជំងឺមិនអាចទៅទិញថ្នាំនោះជាប់ជាប្រចាំនោះទេ តែពេទ្យរដ្ឋមានតួនាទីប្រគល់ឱសថនេះឱ្យទៅពួកគាត់ជាប្រចាំបាន ដោយមិនយកលុយឡើយ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងជំងឺហង់សិន។

អត្រាកើត និងស្លាប់ដោយសារជំងឺរបេង នៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីការថយចុះយ៉ាងលឿន ក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងទៅនេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ក្នុងកម្មវិធីកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។

យោងតាមរបាយការណ៍រដ្ឋាភិបាលបង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេង នៅក្នុងប្រទេសកម្ពុជា បានថយចុះពី ៤២ករណី ក្នុងចំណោយមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ ២០០០ មកដល់ ១៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ ២០១៧ ដែលមានអត្រាធ្លាក់ចុះស្មើនឹង ៥៥ភាគរយ។

រីឯអត្រាកើតមានជំងឺថ្មី (ដង់ស៊ីតេ) បានធ្លាក់ចុះពី ៥៧៥ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺន នាក់ នៅឆ្នាំ ២០០០ មកដល់ ៣២៦ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ ២០១៧ ដែលមានអត្រាធ្លាក់ចុះស្មើនឹង ៤៣ភាគរយ។

កម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជា ក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងមួយចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន៕អត្ថបទ៖ គង់ វណ្ណៈ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation