ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងហោច ១២នាក់ស្លាប់ ដោយសារទឹកជំនន់នៅភាគនិរតីប្រទេសចិន

image

ចិន៖ អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទៅលើផ្នែកជាច្រើននៃខេត្តស៊ីឈួន (Sichuan) តាំងពីថ្ងៃសុក្រមក ដោយបានបំផ្លាញដំណាំ ផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន ហើយបណ្តាញអគ្គិសនី ក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ។
ក្រុមមន្ត្រីបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ និងរុករកកំពុងធ្វើឡើងនៅក្នុងតំបន់ដែលរងគ្រោះ។

យោងតាមក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៅទូទាំងប្រទេសចិន ទឹកជំនន់ដែលបានចាប់ផ្ដើមតាំងពីដើមខែមិថុនាមក បានធ្វើឱ្យមនុស្ស ៧៨នាក់បានស្លាប់ ឬបាត់ខ្លួន, បំផ្លាញ ឬធ្វើឱ្យខូចខាតផ្ទះសម្បែងជាង ១០ម៉ឺនខ្នង និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ប្រហែល២៥ពាន់លានយ័ន ឬ៣,៥ពាន់លានដុល្លារ។

ទឹកជំនន់តែងវាយប្រហារផ្នែកភាគច្រើននៅប្រទេសចិនជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរ បានព្យាយាមកាត់បន្ថយការខូចខាតតាមរយៈការប្រើប្រាស់ទំនប់ វារីអគ្គិសនីជាពិសេសរចនាសម្ព័ន្ធទំនប់ដ៏ធំមហិមាសនៅលើទន្លេយ៉ង់ស្សេ (Yangtze)៕

ព័ត៌មានទាក់ទង...