អភិបាលស្រុកដំណាក់ចង្អើរណែនាំឱ្យពលរដ្ឋមួយគ្រួសារយ៉ាងហោចមានបន្លែ ៥មុខ ដើម្បីកាត់បន្ថយការចំណាយ និងបន្លែនាំចូល
| ព័ត៌មានជាតិ
SHARE

កែប៖ លោកស្រី គឹម ចាន់នី អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីក្រោមឱវាទថា ក្នុងមួយគ្រួសារយ៉ាងហោចណាស់ត្រូវមានដំណាំឱ្យបាន ៥មុខ ឬច្រើនជាងនេះ ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ជាពិសេសកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅផងដែរ។

លោកស្រីបានមានប្រសាសន៍យ៉ាងដូចនេះថា ប្រជាពលរដ្ឋគួតែនាំគ្នាឈប់ប្រព្រឹត្តល្បែងស៊ីសង វាគ្មានបានប្រយោជន៍អ្វីនោះទេ ហើយងាកមកដាំបន្លែផ្សេងៗវិញ យ៉ាងអន់ណាស់ក្នុងមួយគ្រួសារក៏ត្រូវមានដំណាំ ៥មុខដែរ ដូចជាម្ទេស ស្លឹកគ្រៃ រំដេង ជាដើម ព្រោះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទី១ កាត់បន្ថយភាពក្រីក្រ ទី២ ចៀសបានពីការទទួលទានបន្លែដែលមានជាតិគីមី ទី៣ កាត់បន្ថយការនាំចូលបន្លែក្រៅស្រុក ទី៤ បង្កើតបាននូវសុភមង្គលក្នុងគ្រួសារ។

លោកស្រីថ្លែងបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆ្នាំទី ២ អាណត្តិទី៣ នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងសាលាឆាន់វត្តទូលសាងាំ។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំរដ្ឋបាលស្រុកដំណាក់ចង្អើរ តែងតែបង្កើតវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះឡើង ដោយធ្វើនៅតាមភូមិផ្សេងៗគ្នា ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក ហើយនេះជាលើកទី៣ហើយ។

គោលបំណងដែលរៀបចំវេទិកាសាធារណៈបែបនេះឡើង ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋ អាចរៀបរាប់ពីទុក្ខលំបាកក្នុងមូលដ្ឋានដែលខ្លួនរស់នៅ និងសំណូមពរផ្សេងៗ ដែលនេះពិតជាផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាឱ្យពលរដ្ឋបានឆាប់រហ័ស និងចំគោលដៅ។

ប្រជាពលរដ្ឋសម្តែងការគាំទ្រ ក្នុងការបង្កើតព្រឹត្តិការណ៍នេះឡើង ព្រោះពួកគាត់អាចនិយាយពីបញ្ហាផ្សេងៗដែលកើតមានក្នុងសហគមន៍រស់នៅរបស់ពួកគាត់ ដោយគ្មានការគៀបសង្កត់អ្វីនោះឡើយ៕អត្ថបទ៖ ង៉ុង សាន់ 

 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation