អ្នកសា្រវជ្រាវចិន រកឃើញវីរុសផ្ដាសាយជ្រូកប្រភេទថ្មី បារម្ភថាអាចឆ្លងរាលដាលដល់មនុស្ស
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ ក្រុមអ្នកស្រាវជ្រាវរបស់ចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដោយថា អាចក្លាយជាជំងឺរាតត្បាតមួយប្រភេទទៀត នេះបើយោងតាមការសិក្សាចេញផ្សាយនៅក្នុងព្រឹត្តបត្រវិទ្យាសាស្រ្ត PNAS កាលពីថ្ងៃទី២៩ ខែមិថុនា។

ជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនេះ មានឈ្មោះថា G4 មានហ្សេនពីវីរុស H1N1 ដែលបានឆ្លងរាតត្បាតកាលពីឆ្នាំ២០០៩។ ជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនេះ មានលក្ខណៈសំខាន់ៗដែលអាចឆ្លងទៅមនុស្សបាន។

ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ អ្នកវិទ្យាសាស្ត្របានយកសំណាកពីសត្វជ្រូក ៣០ ០០០ក្បាលនៅទីសត្តឃាតចំនួន១០ ពីខេត្តក្នុងប្រទេសចិន និងក្នុងពេទ្យសត្វ ហើយគេបានរកឃើញវីរុសផ្ដាសាយជ្រូក ១៧៩ប្រភេទផ្សេងគ្នា។ វីរុសប្រភេទថ្មី ភាគច្រើនគឺមានក្នុងសត្វជ្រូកតាំងពីឆ្នាំ២០១៦។

អ្នកវិទ្យាសាស្ត្របានធ្វើពិសោធទៅលើសត្វសំពោចដែលភាគច្រើនគេតែងយកទៅពិសោធក្នុងការសិក្សាលើជំងឺផ្ដាសាយព្រោះសត្វសំពោចមានរោគសញ្ញាដូចមនុស្ស រួមមានអាការៈគ្រុនក្ដៅ ក្អក និងកណ្ដាស់ ហើយគេសង្កេតឃើញថា វីរុស G4 មានភាគរយខ្ពស់ក្នុងការឆ្លង និងបំបែកខ្លួនក្នុងកោសិកាមនុស្ស និងបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរនៅលើសត្វសំពោចជាងវីរុសប្រភេទផ្សេង។



តេស្ដនេះដែរ បានបង្ហាញថា អង់ទីករដែលមនុស្សមានពីការឆ្លងជំងឺផ្ដាសាយមិនអាចការពារមិនឲ្យឆ្លងវីរុស G4 ទេ។
យោងតាមការធ្វើតេស្ដឈាមរកអង់ទីករដែលបង្កើតដោយការឆ្លងវីរុសG4 មានកម្មករធ្វើការក្នុងកសិដ្ឋានជ្រូក ១០,៤% នៃបុគ្គលិកធ្វើការក្នុងកសិដ្ឋានជ្រូកទាំងអស់បានឆ្លងវីរុសនេះ។ តេស្ដក៏បានឲ្យដឹងថាមាន ៤,៤%នៃប្រជាជនទូទៅក៏ទំនងជាបានឆ្លងវីរុសនេះដែរ។
ដូចនេះវីរុសG4បានឆ្លងពីសត្វទៅកាន់មនុស្សរួចហើយប៉ុន្តែមិនទាន់មានភស្តុតាងថាអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទេដែលនេះជាអ្វីដែលអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភខ្លាំង។

អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងថានេះជាកង្វល់មួយដែលមនុស្សឆ្លងវីរុស G4 អាចធ្វើឲ្យវីរុសមានការប្រែប្រួល និងបង្កើនហានិភ័យនៃការឆ្លងរាលដាល។ អ្នកវិទ្យាសាស្ត្រក៏បានអំពាវនាវឲ្យមានវិធានការណ៍ត្រួតពិនិត្យអ្នកធ្វើការជាមួយសត្វជ្រូកជាបន្ទាន់។

ការសិក្សានេះគឺជាការដាស់តឿនដល់មនុស្សគ្រប់រូបថាគ្រប់គ្នាស្ថិតក្នុងហានិភ័យនៃការកើតមានភ្នាក់ងារបង្កជំងឺថ្មីពីសត្វព្រៃទៅមនុស្ស ហើយសត្វចិញ្ចឹមដែលមនុស្សមានការប៉ះពាល់ច្រើនជាងសត្វព្រៃអាចដើរតួជាប្រភពនៃវីរុសបង្កជំងឺរាតត្បាត នេះបើយោងតាមលោក James Wood ប្រធានផ្នែកបសុពេទ្យនៅសាកលវិទ្យាល័យ Cambridge៕

ប្រភព៖ www.hellokrupet.com

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation