អាជ្ញាធរខេត្តព្រះសីហនុ បើកយុទ្ធនាការដាក់ថ្នំាអាបែត ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត បានដឹកនាំមន្ត្រី អ្នកស្មគ្រ័ចិត្ត អាជ្ញាធរដែនដី សហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត នៅក្នុងក្រុងព្រះសីហនុ ចំនួន ៤សង្កាត់ ដែលមាន ១៦ភូមិ ស្មើនឹង ១.៧៦៤ខ្នងផ្ទះ។


ក្នុងយុទ្ធនាការនោះ លោក គួច ចំរើន បានធ្វើការណែនាំដល់អ្នកចូលរួមធ្វើសកម្មភាពចុះដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីបង្ការជំងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ ក្នុងក្រុងព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងដូចជា៖


១.ចូលរួមកំចាត់ដង្កូវទឹក មូសខ្លា និងធានាថា មិនមានដង្កូវទឹកនៅក្នុងបរិវេណផ្ទះសម្បែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជាសម្បកកង់ឡាន កង់ម៉ូតូ សម្បកកំប៉ុង ក្រឡ ពាង សម្បកដូង អាងទឹក ដែលមិនប្រើប្រាស់ និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណផ្ទះ។

ត្រូវលាងសម្អាតសម្ភារ ឬវត្ថុប្រើប្រាស់ផ្សេងៗសម្រាប់ស្ដុកទឹកឱ្យបានពីរដងក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឱ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូជាដើម ។ល។

២. ត្រូវកំចាត់មូសខ្លា តាមរយៈរៀបចំសម្ភារក្នុងផ្ទះសម្បែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការសង្ស័យ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លា ។

៣. ត្រូវការពារខ្លួនកុំឱ្យមូសខ្លាញីខាំ តាមរយៈការដេកក្នុងមុង (ទាំងថ្ងៃទាំងយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសម្រាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ ។

៤.បច្ចុប្បន្នករណីជំងឺគ្រុនឈាមចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេង ឬចាស់នោះទេ ត្រូវរួសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់មានសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណាដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation