ឡាវ ទទួលថ្នាំព្យាបាលសម្រាប់អ្នកជំងឺកូវីដ១៩ចំនួន ១០០នាក់ ពីជប៉ុន
ប្រែសម្រួល៖ លាភ
ឡាវ៖ ក្រសួងសុខាភិបាលឡាវ បានទទួលនូវថ្នាំ Avigan ពីរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើការព្យាបាលសាកល្បងលើអ្នកជំងឺប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
ប្រភពឱ្យដឹងថា ថ្នាំ Avigan ដែលឡាវទទួលបានពីរដ្ឋាភិបាលជប៉ុននោះ អាចព្យាបាលអ្នកជំងឺចំនួន ១០០នាក់។ ជំនួយនេះ ត្រូវបានផ្ដល់ជូនតាមសំណើរបស់រដ្ឋាភិបាលឡាវ ដើម្បីពង្រីកការសិក្សាលើថ្នាំ Avigan ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ថ្នាំនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការការពារនូវការចម្លងរលកទីពីរ។
ប្រទេសឡាវ បានរាយការណ៍ពី ការមិនរកឃើញករណីឆ្លងកូវីដ១៩ថ្មីក្នុងរយៈពេល ២ខែចុងក្រោយនេះ។ យោងតាមប្រភព Worldometers, ឡាវ រកឃើញអ្នកផ្ទុកកូវីដ១៩ ត្រឹមតែ ១៩នាក់ និងបានជាសះស្បើយទាំងអស់ គិតមកទល់ពេលនេះ៕
ប្រភព៖ Laotian Times