លោក សាយ សំអាល់ ព្រមានអាជ្ញាធរមូលដ្ឋាននៅខេត្តរតនគិរី ក្រោយរកឃើញមានជាប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអះអាងថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះ ដូចជាមេភូមិ មេឃុំជាដើម ដែលនៅបន្តបំពានច្បាប់ ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់មន្ត្រីជំនាញយ៉ាងណាក៏ដោយ។

ការអះអាងនេះ បានធ្វើឡើងខណៈលោក សាយ សំអាល់ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរី។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានព្រមានថា៖ “អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ។ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ”។

លោក សាយ សំអាល់ បានមានប្រសាសន៍ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខច្បាប់ ហើយបានសង្កត់ធ្ងន់ថា៖ “រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់”។

សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតា ក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។ ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត បាននិងកំពុងពង្រឹងបន្ថែមតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារ និងអភិរក្សប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននេះ ខេត្តរតនគិរីមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៥៥៧នាក់ និងមានជនជាតិភាគតិចចំនួន ៦០%នៃចំនួនពលរដ្ឋសរុប ហើយមានជនជាតិភាគតិចចំនួន ៨។

ក្នុងពិធីនោះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា ប្រសិនបើប្រជាពលរដ្ឋខ្វះដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងឃុំស្រុក ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។

លោកបានថ្លែងថា “ត្រូវញែកឱ្យដាច់ រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់”។ លោក បានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation