សម្តេចតេជោដាក់ចេញគោលនយោបាយអាទិភាពនិងវិធានការ ១១ចំណុច ក្នុងតំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី៦
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលមាន១២ទំព័រ បានបង្ហាញនូវគោល នយោបាយអាទិភាពនិងវិធានការចំនួន ១១ចំណុច៖
១ ពង្រឹងធ្លុងសាមគ្គីភាពនៃប្រជាជាតិទាំងមូល ក្រោមដំបូងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតប្រកាន់ពូជសាសន៍ ,ពណ៌សម្បុរ,ភេទ,ភាសា,ជំនឿ,សាសនា,និន្នាការនយោបាយ,ដើមកំណើតជាតិ,ឋានៈសង្គម,ធនធាន ឫស្ថានភាពឯទៀត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិនិងបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
២ បន្តពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូត ដល់មូលដ្ឋាន ធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន ពង្រឹងការគោរពច្បាប់និងយុត្តិធម៌សង្គម។
៣ អភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យសម្រេចបានកំណើន ក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ ប្រកបដោយចីរភាព និងបរិយាប័ន្ន បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ បន្តកាត់បន្ថយអត្រាភាពក្រីក្រ ឱ្យបាន ១%ក្នុងមួយឆ្នាំ។
៤ មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ជួយកសិករធានាការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្ងៃសមរម្យ។ ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់សង់លំនៅស្ថាននិងបង្កបង្កើនផល តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច។
៥ ដំឡើងប្រាក់ឈ្នួលរបស់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត លើកកម្ពស់ជីវភាព លក្ខខណ្ឌការងារ និងការពារអាជីពរបស់កម្មករនិយោជិក។
៦ ដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំនិងបង្កើនប្រាក់សោធនរបស់និវត្តជននិង អតីតយុទ្ធជន ឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះ ចាប់ពីឆ្នាំ២០១៩តទៅ នឹងចាប់ផ្តើមអនុវត្តការបើកប្រាក់បៀវត្ស និង ប្រាក់សោធន ក្នុងរយៈពេល ២សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារ។
៧ អាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋអាផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់និងអាស្រ័យផល ទៅកូនចៅ ឫ អ្នកដៃបាន ដោយមានកំណត់អាណត្តិ។
៨ យុវជនគ្រប់រូបទទួលបានឱកាសពេញលេញក្នុងការអប់រំ មានការងារធ្វើ និងចូលរួមធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ គ្រប់ស្រុកមានវិទ្យាល័យ គ្រប់ឃុំមានអនុវិទ្យាល័យ និងតាមភូមិមានសាលាបឋម សិក្សា។ ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរ នៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋ។ ប្រជាជនក្រីក្រនិងអ្នកខ្វះលទ្ធភាព ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋ។
៩ ជំរុញអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន។ ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឱ្យដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០និងបន្តបញ្ចុះថ្លៃអគ្គិសនី។ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនគ្រប់ប្រភេទប្រកបដោយគុណភាព និងចីរភាព។ ពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជនទៅគ្រប់ភូមិ កែលម្អផ្លូវជនបទពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង។ ពង្រីកការផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូច ជាពិសេសសេវាឥណទានទៅដល់ជនបទ សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងសហគ្រាសធុនតូចក្នុងអត្រការប្រាក់មួយទាបសមរម្យ។

១០ អភិវឌ្ឍ និងពង្រឹងប្រពន្ធ័គាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យ នានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ។

១១ ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាពនិងងាយស្រួល រក្សាសុវត្ថិភាពឃុំ-សង្កាត់ ឱ្យបានល្អនិងមានស្ថិរភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation