កម្ពុជា មានអត្រាប្រេវ៉ាឡង់ នៃជំងឺឆ្កួតជ្រូក ប្រហែល ០,៥៨% ហើយភាគច្រើននៃអ្នកជំងឺ មិនបានមកទទួលការព្យាបាលទេ
| ព័ត៌មានជាតិ
SHARE

អត្ថបទ : សន ពិសិដ្ឋ

ភ្នំពេញ៖ ជំងឺឆ្កួតជ្រូក ឬអេពីឡឹបស៊ី - Epilepsy ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាធំៗ នៃសុខភាពសាធារណៈ។ បើតាមអង្គការសុខភាពពិភពលោក មានអ្នកជំងឺឆ្កួតជ្រូកប្រមាណ ៦០លាននាក់ នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។ នៅប្រទេសកម្ពុជា អត្រាប្រេវ៉ាឡង់នៃជំងឺនេះ គឺមានប្រហែល ០,៥៨%។


នៅក្នុងសង្គមខ្មែរ ក៏ដូចជាប្រទេសដទៃទៀត លើពិភពលោកដែរ ភាគច្រើននៃអ្នកជំងឺឆ្កួតជ្រូក មិនបានមកទទួលការព្យាបាលទេ ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ។ អ្នកជំងឺភាគច្រើន ត្រូវទទួលរងនូវការរើសអើងពីមិត្តភ័ក្ត និងមជ្ឈដ្ឋានជុំវិញ។ ពួកគាត់ពេលខ្លះ ត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។


បើតាមប្រភពព័ត៌មានពីមន្ទីរពេទ្យកាល់ម៉ែត បង្ហាញថា រោគសញ្ញានៃជំងឺនេះ អាចប្រែប្រួលទៅតាមទីតាំង និងទំហំដែលប៉ះពាល់ទៅលើខួរក្បាល ដូចជាៈ
- បាត់បង់ស្មារតីភ្លាមៗ
- រឹងខ្លួន និងមានចលនាកន្រ្តាក់ពេញដងខ្លួន និងអវៈយវៈ
- មានខាំអណ្តាត ឬរបួសដោយការដួល
- មានលេចនោម
- អាចវង្វេងវង្វាន់ ឈឺក្បាល ឈឺសាច់ដុំ ក្រោយប្រកាច់
- ជួនកាលអាចមានអាការៈស្ពឹកៗ នៅផ្នែកណាមួយនៃរាងកាយ
- ជួនកាលអាចមានការពិបាកនិយាយ រឺមានអារម្មណ៍ប្លែកៗខុសពីធម្មតា


ចំពោះមូលហេតុវិញ, អ្នកជំងឺឆ្កួតជ្រូក ដែលមានលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។ មូលហេតុធំៗមានដូចជាៈ
- ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល
- ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
- មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនីញ៉ា នៅក្នុងខួរក្បាល
- ការវិវត្តន៍ខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ
- ពុលដោយសារពិសាសុរាច្រើនពេក ឬក៏ពពួកថ្នាំញៀនផ្សេងៗទៀត។

ចំពោះការព្យាបាល និងការបង្ការ៖
- ដូចបានរៀបរាប់ពីខាងលើ ជំងឺឆ្កួតជ្រូកមានទម្រង់ខុសៗគ្នា ដូច្នេះការព្យាបាលក៏ប្រែប្រួលទៅតាមនោះដែរ។ គ្រូពេទ្យអាចសម្រេចចិត្តជ្រើសរើសថ្នាំណាមួយ ដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
- ដើម្បីបង្ការការប្រកាច់ អ្នកជំងឺត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពីការសេពគ្រឿងស្រវឹង
- ត្រូវជៀសវាងការងារ រឺស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើងជាដើម។

វេជ្ជបណ្ឌិតឯកទេស បានណែនាំថា បើមានអាការៈដូចខាងលើ ឬសង្ស័យថាមានជំងឺនេះ សូមរួសរាន់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះថាជំងឺឆ្កួតជ្រូក ឬអេពីឡឹបស៊ី គឺជាជំងឺដែលព្យាបាលជាសះស្បើយ ហើយសូមកុំរើសអើងជាមួយអ្នកជំងឺឆ្កួតជ្រូក ព្រោះជំងឺនេះមិនឆ្លងទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation