សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចម្រុះផ្សេងៗទៀត ក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីមានសមត្ថកិច្ច សូមចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចម្រុះផ្សេងៗទៀត ឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឱ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់ពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស។ 

បើតាមលោក ណៅ ធួក រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ទិវាមច្ឆជាតិឆ្នាំនេះ ប្រទេសកម្ពុជា ពុំមានប្រារព្ធពិធីលែងត្រី លែងបង្កង ដូចរាល់ឆ្នាំទេ ដោយសារមូលហេតុប្រទេសជួបប្រទះរោគរាតត្បាតកូវីដ-១៩ ដូចពិភពលោកទាំងមូលដែរ។

លោក ណៅ ធួក បានបញ្ជាក់ថា ក្នុងបំណងរក្សាត្រីទុកសម្រាប់បរិភោគរបស់មនុស្សជំនាន់នេះ និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបង្កើតទិវាមច្ឆជាតិតាមរយៈអនុក្រឹតលេខ៩៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងមាត្រា១ និងមាត្រា២ នៃអនុក្រឹតនេះថា មាត្រា១- ត្រូវបានបង្កើត «ទិវាមច្ឆជាតិ» នៃព្រះរាជាណាចក្រកម្ពុជាដែលប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសនាថ្ងៃទី០១ ខែកក្កដា ជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសប្រជារាស្ដ្រចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផលដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

និង មាត្រា២- ក្នុងទិវាមច្ឆជាតិនេះ គ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលាខេត្ត ក្រុង សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ និងគ្រឹះស្ថានសិក្សានានា ត្រូវបំផុសមន្ត្រីរាជការ មន្ដ្រីនគរបាល យោធិន និយោជិត សិស្ស និស្សិត និងប្រជារាស្ដ្រ អំពីស្មារតីគោរពច្បាប់ស្មារតីការពារធនធានជលផល៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation