ព័ត៌មានជាតិ

មន្ត្រីជលផល អំពាវនាវឱ្យមានវិធានការបន្ទាន់ចំពោះការជួញដូរប្រភេទត្រីកម្រ និងជិតផុតពូជ

image

ស្ទឹងត្រែង៖ ប្រភេទត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាប ស្ថិតក្នុងចំណោមត្រីចំនួន ៣៥ប្រភេទទៀត ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកល និងកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ ត្រីប្រភេទនេះ កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេស ជិតខាងមួយចំនួនទៀតផងដែរ។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផលបានលើកឡើងថា អ្នកនេសាទត្រី អ្នកទិញត្រី និងឈ្មួញកណ្តាល មិនសូវយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងកិច្ចការពារ និងការគ្រប់គ្រងធនធានជលផលទេ ជាពិសេសប្រភេទជលផលកំពុងទទួលរងការគំរាមកំហែង។

ក្នុងទិវាមច្ឆជាតិលើកទី២០ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោក អេង ជាសាន បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងកិច្ចការចូលរួមការពារ និងថែរក្សាធនធានជលផលកម្ពុជាកុំឱ្យបាត់បង់ ហើយបានលើកទឹកចិត្តប្រជាជនឱ្យចាប់យកជម្រើសមុខរបរផ្សេងទៀតបន្ថែមពីលើការនេសាទ។

លោក សេង ទៀក នាយកអង្គការ WWF ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការរឹតបន្តឹងលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងបង្កើនយន្តការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាទីផ្សារ និងដេប៉ូទិញ-លក់ត្រី ព្រមទាំងដាក់ពិន័យឱ្យបានធ្ងន់ធ្ងរបំផុតដល់ជនល្មើសទាំងឡាយណា ដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ចកម្មប្រភេទត្រីជិតផុតពូជ និងត្រីមេពូជក្នុងប្រទេសកម្ពុជា។

យោងតាមរបាយការណ៍ស្តីពីការពង្រឹងការអនុវត្តច្បាប់ដោយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង មន្រ្តីឆ្មាំទន្លេ និងអង្គការ WWF បានបង្ហាញថា មានការកើនឡើងនូវសកម្មភាពនេសាទនៅក្នុងដែនអភិរក្សដែលច្បាប់បានហាមឃាត់មិនឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទដូចជា សំណាញ់ មងបណ្តែត មងកាំង សន្ទួចរនង ឧបករណ៍ឆក់ និងថ្នាំបំពុល ជាដើម៕