ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនទៀនព្រះវស្សាទៅតាមបណ្តាវត្តនានាចំនួន១២០គូ និងបច្ច័យមួយចំនួន

image

ភ្នំពេញ៖ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ នារសៀលថ្ងៃទី០៦ ខែកក្កដា ត្រូវនឹងថ្ងៃទី១រោច ខែអាសាឍ ឆ្នាំជូត ព.ស ២៥៦៤ ក្នុងឱកាសនៃថ្ងៃបុណ្យចូលព្រះវស្សា បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារបរិក្ខាជាច្រើនមុខទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ (ហៅវត្ត ចំពុះក្អែក) ស្ថិតនៅ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែកនៅពេលនេះ ក៏ដូចជាការ អញ្ជើញទៅកាន់ទីវត្តអារ៉ាមនានា ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងទ្វេរទៅលើការគោរពប្រតិបត្តិចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ រួមជាមួយនឹងប្រជាពលរដ្ឋ ដែលជាអ្នកកាន់ព្រះ ពុទ្ធសាសនាប្រមាណជា ៩០%នៅទូទាំងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ ក៏បានអញ្ជើញ ធ្វើកិច្ចតាមប្រពៃណីនៃព្រះពុទ្ធសាសនា ដើម្បី ឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាន មាតាបិតា របស់សម្តេច គឺលោកមហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ, លោកមហាឧបាសក លីន គ្រី, អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាបិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, វិញ្ញាណក្ខន្ធ ជីដូន ជីតា, វិញាណក្ខន្ធ បុត្រច្បង របស់សម្តេចដែលបានបាត់បង់ជីវិតនៅក្នុង របប ប្រល័យ ពូជសាសន៍ និងវិញ្ញាណក្ខន្ធញាតិ ការ ទាំង៧ សន្តាន ដែលបានចែកឋានទៅ។

សូមជំរាបថា ក្នុងឱ្យកាសនៃបុណ្យព្រះវស្សានេះ គ្រួសាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកទានព្រះវស្សា ប្រគេននៅតាមបណ្តាវត្តនានាខេត្តក្រុងមានចំនួន១២០គូ ក្នុងបណ្តាវត្តនានា មានទៀនព្រះវស្សា ១គូៗ មានសម្ភារចំនួន ១៣មុខ ក្នុងនោះមាន ទានព្រះវស្សា១គូ, ទឹកដោះគោ១កេស, អូវាន់ទីន ១កេស, មៀនកំប៉ុង ១កេស, ត្រីខ ១កេស, មី១កេសធំ, ស្ករស ១០គីឡូក្រាម, តែ២គីឡូក្រាម, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ៣០លីត្រ, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងថវិកា ៣០ម៉ឺនរៀល។

ដោយឡែកព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក ចំនួន២០៩អង្គ ក្នុងមួយអង្គទទួលបច្ច័យចំនួន១០ម៉ឺនរៀល យាយជីតាជី១០៨នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល លោកអាចារ្យ៨នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងភ្លេងពិនពាទ្យទទួលបាន២០ម៉ឺនរៀលម្នាក់ៗ និងសិស្សលោកចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ព្រមទាំងសម្ភារមួយចំនួនធំ ។ រីឯបច្ច័យមានចំនួនជាង១ម៉ឺនដុល្លារ៕អត្ថបទ ហ៊ន សុភ័ក្រ

ព័ត៌មានទាក់ទង...