ព័ត៌មានអន្តរជាតិ

ចិនប្រកាសដាក់កំហិតទិដ្ឋាការចំពោះពលរដ្ឋអាមេរិកមួយចំនួនទាក់ទិននឹងបញ្ហាតំបន់ទីបេ

image

ចិន៖ប្រទេសចិនបានប្រកាសកាលពីថ្ងៃពុធថាខ្លួននឹងដាក់កំហិតទិដ្ឋការចំពោះពលរដ្ឋអាមេរិកដែលបានចូលរួមនៅក្នុងអ្វីដែលចិនហៅថាជា អាកប្បកិរិយាដ៏សែនអាក្រក់ទាក់ទិននឹងរឿងតំបន់ទីបេដែលនោះជាការសងសឹកជាក់ស្តែងប្រឆាំងនឹងការដាក់កំហិតទិដ្ឋាការពីសំណាក់អាមេរិកទៅលើក្រុមមន្ត្រីចិន។

ចំណាត់ការនេះរបស់ចិនបានកេីតឡេីងក្នុងគ្រាដែលទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែយ៉ាប់យ៉ឺនដោយសារបញ្ហាពាណិជ្ជកម្ម, បច្ចេកវិជ្ជា, ការផ្ទុះឡេីងនៃវីរុសកូវីដ១៩ និងក្រុងហុងកុង។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការរបស់ទីបេឡេីយ »។

លោក លីជាន បានបន្ថែមថា «ជាធម្មតាទីក្រុងប៉េកាំងអនុវត្តវិធានការការពារលើភ្ញៀវទេសចរដោយសារតែបញ្ហាភូមិសាស្ត្រ និងអាកាសធាតុរបស់ទីបេ»។

សូមរម្លឹកថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមភីអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃអង្គារថា អាមេរិកនឹងដាក់កំហិតទិដ្ឋាការចំពោះក្រុមមន្ត្រីចិនមួយចំនួនពីព្រោះទីក្រុងប៉េកាំងបានរារាំង ដល់ ការ ធ្វើ ដំណើរ របស់ មន្ត្រី ការទូតអាមេរិក, អ្នក កាសែត និង ភ្ញៀវ ទេសចរទៅ កាន់ តំបន់ ទីបេ និងបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់នោះ។

លោក ផមភីអូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាមេរិកនៅតែប្តេជ្ញាគាំទ្រស្វ័យភាពដែលមានន័យសម្រាប់ពលរដ្ឋទីបេ និងគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ»៕

ព័ត៌មានទាក់ទង...