កាំភ្លើង និងអន្ទាក់យ៉ាងច្រើន នៅតែជាឃាតកសម្លាប់សត្វព្រៃនៅខេត្តកោះកុង
កោះកុង៖ កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ។ គ្រាន់តែនៅ ៦ខែឆ្នាំ២០២០ កាំភ្លើងកែច្នៃចំនួន ៤៩២គ្រឿង ត្រូវបានដកហូតពីប្រជាពលរដ្ឋ។ កាំភ្លើងពិត និងកាំភ្លើងកែច្នៃ រួមនឹងអន្ទាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅតែជាឃាតកសម្លាប់សត្វព្រៃយ៉ាងច្រើននៅខេត្តកោះកុង។ ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ រយៈពេល៦ខែឆ្នាំ២០២០ ពោលគឺ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០.១៧៩អន្ទាក់ ត្រូវបានដោះយកចេញពីក្នុងព្រៃ មានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នេះបើយោងតាមរបាយការណ៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅខេត្តកោះកុង។
របាយការណ៍បង្ហាញថា នៅឆ្នាំ២០១៩កន្លងទៅ អន្ទាក់ចំនួនជាង ៤ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ក្នុងនោះ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ដោយឡែក ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ អន្ទាក់ចំនួន ៣២.៣២២អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ខែចុងក្រោយ។
អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុតដល់សត្វព្រៃ។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គិសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់គឺជាឃាតកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដែលស្ថិតក្នុងប្រភេទកម្រស្រាប់ ឱ្យបាត់បង់ និងផុតពូជពីលើផែនដីនេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រៃ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យប្រឈម មុខនឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ និងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការ បង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើងតាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះបំពេញទស្សនកិច្ចស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី៩ ខែកក្កដា លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ មនុស្សដែលពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើ ក៏ដូចជាបរបាញ់ និងជួញដូរសត្វព្រៃ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការពិន័យអន្តរកាល ព្រមទាំងធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបំពានធនធានធម្មជាតិបន្តទៀត។ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ លើកតម្កើងជីវភាពប្រជាសហគមន៍ បង្កើតសេដ្ឋកិច្ចមូលដ្ឋាន ប្រែក្លាយពីអ្នកកាប់ឈើ និងបរបាញ់សត្វមកជាអ្នកការពារ និងថែរក្សាសត្វព្រៃ បម្រើឱ្យវិស័យទេសចរណ៍។ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិជីផាត បានជោគជ័យលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។ ព្រមជាមួយគ្នានេះ ការសង្គ្រោះសត្វព្រៃដោយសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕