ព័ត៌មានជាតិ

ពលរដ្ឋរស់នៅអមប្រឡាយស្ទឹងមានជ័យ នឹងអាចចូលរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ចុងខែកក្កដានេះ

image

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងអាចប្ដូរទីលំនៅរបស់គាត់ មក រស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញហើយ ខណៈដែលការដ្ឋានស្ថាបនា ដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ នឹងស្ថាបនារួចរាល់នៅដំណាច់ខែកក្កដានេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលពីរទសវត្សនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើង កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានចំនួនពលរដ្ឋចំណាកស្រុកមករស់នៅភ្នំពេញក៏មានការកើនឡើងដែរ ហើយមានប្រជាពលរដ្ឋមួយចំនួនមកសង់លំនៅឋានលើដីសាធារណៈរបស់រដ្ឋ។

លោកបញ្ជាក់ថា ជាក់ស្តែងនៅអមតាមប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារបានមករស់នៅលើប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះចរន្តទឹកហូរ ជាពិសេសការចោលសំរាមគ្មានសណ្តាប់ធ្នាប់ធ្វើឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធ និងបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យថ្នាក់ក្រោមជាតិរៀបចំការអភិវឌ្ឍសហគមន៍ឱ្យបាន ១០០សហគមន៍ក្នុងមួយឆ្នាំ។

ហេតុដូច្នេះទើប រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍសហគមន៍ស្ទឹងមានជ័យនៅនឹងកន្លែងដោយប្រជាពលរដ្ឋទទួលបានដីស្របច្បាប់នៅអមប្រឡាយស្ទឹងមានជ័យនេះតែម្តង។

គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យត្រូវបានស្ថាបនាឡើងដោយបុកស៊ីផាយជញ្ជាំងប្រឡាយ ជាមួយនឹងការកសាងផ្លូវអមសងខាងប្រឡាយនេះ។

បើគិតមកដល់ពេលនេះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ គឺ នៅក្នុងបំណាច់ខែកក្កដាឆ្នាំ ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសឱ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនឱ្យពួកគាត់មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រទានកម្មឱ្យពួកគាត់នៅដីមួយឡូតិ៍ម្នាក់នៅតាមបណ្ដោយប្រឡាយស្ទឹងមានជ័យនេះ៕អត្ថបទ៖ ម៉ៅ នរិទ្ធីយ៉ា


ព័ត៌មានទាក់ទង...