ព័ត៌មានជាតិ

ភ្ញៀវទេសចរ សរសើររមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ថាជួយរំសាយទុក្ខកង្វល់ ដោយសារសម្រស់ធម្មជាតិ

image

ព្រះសីហនុ៖ ក្រៅពីតាមតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ក៏មានរមណីយដ្ឋានជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្ដ។ ក្នុងនោះ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក៏ជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ មកងូតទឹកលេងកម្សាន្ត ព្រោះតំបន់ទឹកធ្លាក់ក្បាលឆាយ មានទឹកថ្លាល្អស្អាត មានតូបលក់ដូរអង្គុយលេងច្រើន និងមានម្ហូបអាហារសមរម្យដែលភ្ញៀវអាចទទួលយកបាន។

ភ្ញៀវទេសចរ បានលើកឡើង ថាសម្រាប់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គឺ មានភាពសប្បាយរីករាយ និងទាក់ទាញអារម្មណ៍ពួកគាត់ ដោយនៅតាមដងផ្លូវមានដើមឈើតូចធំ ដុះនៅសងខាងផ្លូវ មានទឹកធ្លាក់ថ្លាល្អស្អាតជាច្រើនជាន់ និងមានសំឡេងសត្វយំលាយឡំនឹងសំឡេងទឹកធ្លាក់ ដើម្បីកំដរអារម្មណ៍ពួកគាត់ក្រោយពីសម្រាកពីការងារ ក៏ដូចជាថ្ងៃចុងសប្តាហ៍ដែលពួកគាត់មកពីបណ្ដារាជធានី-ខេត្ត មកងូតទឹកលេងកម្សាន្ត បំបាត់នូវការនឿយហត់ដែរពួកគាត់បំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃរួចមក ។

សូមបញ្ជាក់ថា បើលោកអ្នកចេញរាជធានីភ្នំពេញ មកដល់ផ្លូវតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ រួចបត់ស្ដាំចម្ងាយជាង១០គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហម លោកអ្នកនឹងទៅដល់តំបន់ទឹកធ្លាក់ ដែលបច្ចុប្បន្នតំបន់ទឹកធ្លាក់ក្បាលឆាយ គ្រប់គ្រងដោយក្រុមហ៊ុនអានកូដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅទូទាំងក្រុងនៃខេត្តព្រះសីហនុ។ តម្លៃសំបុត្រចូលទស្សនា សម្រាប់រថយន្តថ្លៃ ៥ពាន់រៀល និងម៉ូតូ ថ្លៃ២ពាន់រៀល៕អត្ថបទ៖ ប៉ៃ សុខឃីម



ព័ត៌មានទាក់ទង...