ព័ត៌មានជាតិ

អាជីវករក្នុងផ្សាររ៉ុងក្លឿ ត្រូវបានអនុញ្ញាតឲ្យចូលទៅពិនិត្យទំនិញក្នុងតូប តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

image

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០នេះ អាជីវករក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យចូលទៅពិនិត្យទំនិញក្នុងតូប តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរយៈរថយន្តផ្ទាល់ខ្លួន ចំនួន៥០គ្រឿង ប៉ុន្តែភាគីថៃ តម្រូវឲ្យតែម្ចាស់រថយន្តពិតប្រាកដ ដែលមានឈ្មោះ ក្នុងប័ណ្ណម្ចាស់កម្មសិទ្ធិប៉ុណ្ណោះ ដែលក្នុងមួយគ្រឿងជិះបានចំនួនតែ២នាក់ទេ និងត្រូវមានលក្ខខណ្ឌមួយចំនួនទៀត។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លើកឡើងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ភាគីថៃមិនអនុញ្ញាតឲ្យអាជីវករខ្មែរចូលដោយថ្មើរជើងនោះទេ ដែលតម្រូវឲ្យមានរថយន្តផ្ទាល់ខ្លួនសំរាប់ចូលទៅពិនិត្យចំនួន៥០គ្រឿងក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍បាន៦ថ្ងៃ គឺ ថ្ងៃសៅរ៍ ត្រូវសំរាក។

ក្នុងមួយរថយន្ត ជិះគ្នាបានចំនួន២នាក់ ដែលត្រូវគោរពតាមគោលការណ៍ គឺរថយន្តចង្កូតឆ្វេង ហើយម្ចាស់រថយន្តត្រូវមានឈ្មោះក្នុងកាតគ្រី (បើម្ចាស់រថយន្តមិនទាន់កាត់ឈ្មោះភាគីថៃមិនអនុញ្ញាតឲ្យចូលនោះទេ) ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងមានកម្តៅមិនឱ្យលើសពី ៣៧.៣អង្សាសេ ដោយចាប់ផ្តើមពិនិត្យទំនិញ ចាប់ពីម៉ោង ៨: ០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីព្រឹក និងត្រូវត្រលប់មកវិញ មិនពីលើសម៉ោង ១៣:០០នាទី នៅថ្ងៃដដែល។

បើតាមលោកអភិបាលរង ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ចំពោះឯកសារឆ្លងដែន ដែលភាគីថៃតម្រូវឲ្យអាជីវករត្រូវមានមួយក្នុងចំណោមបី គឺទី១.លិខិតឆ្លងដែន (Passport) ទី២.ប័ណ្ណព្រំដែន(Border Pass) និងទី៣.កាតចូលផ្សារថៃ (កាតចូលព្រឹក.វិលល្ងាច ដោយមិនគិតពីសុពលភាព) ដែលអាជីវករចាំបាច់ត្រូវបំពេញឯកសារនៅស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ដែរថា ចំពោះច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងបឹងត្រកួន អនុញ្ញាតឲ្យចូលតែរថយន្តថៃមកដឹកកសិផលខាងកម្ពុជាតែប៉ុណ្ណោះ ដោយចូលចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕ អត្ថបទ៖ ប៊ុនចាន់ថន


ព័ត៌មានទាក់ទង...