ព័ត៌មានជាតិ

អាជ្ញាធរមីន ជំរុញឱ្យអាជ្ញាធរមូលដ្ឋាននៅខេត្តឧត្តរមានជ័យ បន្តអប់រំការយល់ដឹងអំពីមីនដល់ពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន

image

ឧត្តរមានជ័យ៖ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាននៅទូទាំងខេត្តឧត្តរមានជ័យ ដែលនៅជាប់ព្រំដែនជាមួយថៃ និងដែលនៅតែរងគ្រោះដោយសារគ្រាប់មីន ត្រូវបន្តចុះអប់រំពីការយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើង។

ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកទេសរដ្ឋមន្ត្រី លី ធុជ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច សហការគាំទ្រសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ប្រតិបត្តិករជាតិ និងអន្តរជាតិ និងស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន នៅតាមសាលារៀន។

ក្រៅពីនេះ លោក ក៏បានជំរុញឱ្យកងកម្លាំងនគរបាលខេត្ត ឬប៉ុស្តិ៍នគរបាល ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះឱ្យដល់សហគមន៍ និងស្នើឱ្យអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគ្រាប់យុទ្ធភណ្ឌដែលសល់ពីសង្គ្រាមផងដែរ ព្រមទាំងស្នើឱ្យអនុវត្តច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

បើតាមលោក ប៉ែន កុសល្យ បានបន្តថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអូសបន្លាយអស់រយៈពេលយូរ និងបង្កឱ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពាន លូ ភ្លឺប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងអាយុជីវិត ភាពកំព្រីកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។ លោកថា សង្គ្រាមបានចប់រលត់ទៅតែបានបន្សល់ទុកនូវគ្រប់មីននៅលើផ្ទៃដីចំនួនប្រមាណ ២៦០៧២ ហិកតា ដែលត្រូវសង្ស័យថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កេរ្តិ៍ដំណែលពីសង្រ្គាមទាំងនេះ មិនត្រឹមតែឆក់យកអាយុជីវិត និងធ្វើឱ្យពិការដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានឧបសគ្គ រារាំងដល់សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានថែមទៀតផង៕
អត្ថបទ៖ សិរី វឌ្ឍ


ព័ត៌មានទាក់ទង...