ព័ត៌មានជាតិ

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតខ្សោយទៅច្រើន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

image

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី16 ខែកក្ដានេះ បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតខ្សោយទៅច្រើន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹង ក្រសួង បានលើកឡើងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតី នឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា។ បន្ទាប់មកនៅថ្ងៃទី១៨ - ២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖


១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។
នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើអាចមានភ្លៀងច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕


ព័ត៌មានទាក់ទង...