ព័ត៌មានជាតិ

ពិតជាចម្លែក បឹងវាលរំពេរ នៅរដូវវាស្សាទឹករីងស្ទើអស់ដល់បាតដី តែនៅរដូវប្រាំង គឺមានទឹកឡើង មានការចាប់អារម្មណ៍

image

ស្ទឹងត្រែង៖ «បឹងវាលរំពេរ» ដែលស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលគេបានសង្កេតឃើញថា ជាបឹងមានលក្ខណៈចំលែកពីបឹងធម្មជាតិដទៃ ដោយនៅរដូវវស្សា ទឹកបឹងវាលរំពេរ រីងស្ទើអស់ដល់បាតដី ប៉ុន្តែនៅរដូវប្រាំង គឺទឹកឡើងមក ដែលជាទីទាក់ទាញភ្ញៀវទេសចរ។ បឹងចដ៏ម្លែកនេះ នៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយសារតែបឹងនេះ ជាបឹងប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថានភាពខុសប្លែងពីបឹងធម្មជាតិផ្សងៗ។

លោកតា សៅ មី មានវ័យ៩០ឆ្នាំ កំពុងរស់នៅភូមិឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ១៩៤៥ កាលគាត់នៅតូចៗធ្លាប់តាមម្តាយ ទៅចូលរួចពិធីបុណ្យរបស់ជនជាតិ (ព្នង គួយ ព្រៅ លន់ ខិ ) នៅជិតបឹងវាលរំពេរ នេះ បានឃើញ បងប្អូនជនជាតិ ធ្វើពិធីបួងសួងសុំឱ្យបារមីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សា គីរីបុព្វតា សូមឱ្យជួយឃុំគ្រងកូនចៅក្នុងឱ្យមានជីវិតរស់នៅប្រកបមុខរបរឱ្យចម្រុងចម្រើន និងមានសេចក្តីសុខសាន្ត។

លោកតាបន្តថា បើតាមមេកន្ទ្រាញជនជាតិព្នងនិយាយថា នៅបឹងវាលរំពេនេះ មានរូងនៅចំកណ្តាលបឹង នៅពេលខែវស្សាមានភ្លៀងច្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏មិនមានទឹកដក់ដែរ ព្រោះទឹកជ្រាបចេញតាមរូងនោះ ចេញទៅដល់ចំណុច ជួរចាបនៃដងទន្លេសេសាន ទល់មុខតំបន់ប្រាសាទគូ នៅឃុំកំភុន ស្រុកសេសាន។ នៅរូងនោះពួកជនជាតិថា មានសត្វមេទឹកចូលទៅនៅក្នុងរូងនោះ បានបិទរូងមិនឱ្យទឹកហូរចេញ។ បើតាមតាមការស្រាវជ្រាវ ពីអ្នកជំនាញខ្លះបានឱ្យដឹងថា នៅខែប្រាំងដីស្ងួត រឹង ទឹកមិនអាចជ្រាបទៅបាន (នេះបើតាមការគិត) ហើយទឹកនៅតាមតំបន់ខ្ពង់រាប បានជ្រាបចូលមកបង្កឱ្យទឹកឡើង។

ទោះជាយ៉ាងនេះក៏ដោយ បឹងវាលរំពេរនេះមិនទាន់មាន អ្នកជំនាញផ្នែកវិទ្យាសាស្ត្រណាមួយមកធ្វើការពិនិត្យ ស្រាវជ្រាវពិតប្រាកដនៅឡើយទេ។ តាមការសង្កេតជាក់ស្តែង តាមរយៈរូបភាពបឹងវាលរំពេរកាលពីថ្ងៃទី១៥ កក្កដា កន្លងមកថ្មីៗនេះ ដែលទឹកស្រកចុះស្ទើអស់ពីបឹងនៅខែវស្សា ចំណែកខែប្រាំងទឹកឡើងជិតមកដល់ផ្លូវជាតិលេខ៧៨នេះតែម្តង៕