ព័ត៌មានជាតិ

កម្ពុជា ចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល សម្រាប់រយៈពេល៥ឆ្នាំខាងមុខ

image

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២០ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល សម្រាប់រយៈពេល៥ឆ្នាំងខាងមុខ (២០២១-២០២៥)។

បើតាមលោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ២០២១-២០២៥ ជាកិច្ចការមួយដែលមានសារៈសំខាន់ និងចាំបាច់ណាស់ ដែលផ្តោតលើសូចនាករសំខាន់ៗសម្រាប់បម្រើឱ្យវិស័យអាកាសចរណ៍ស៊ីវិល។

លោក ថា ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺស្របនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ ដែលបានជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យរបស់ខ្លួន ឱ្យស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ)។

លើសពីនេះទៅទៀត លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាំបាច់ត្រូវរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំរបស់ខ្លួនឱ្យមានសង្គត់ភាពទៅនឹងសូចនាករដែលបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ យុទ្ធសាស្ត្រ ទាំង៦ចំណុច ដែលបានដាក់ជាធាតុចូលជូនក្រសួងផែនការរួមមាន៖

• យុទ្ធសាស្រ្តទី១៖ ការពង្រឹងសុវត្ថិភាពហោះហើរ
ការពង្រឹងសុវត្ថិភាពហោះហើរ គឺការរក្សាបាននូវសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពប្រតិបត្តិការអាកាសយាន(ហោះចេញ-ចូលព្រះរាជាណាចក្រកម្ពុជា) ពង្រឹងការគ្រប់គ្រង និងជំរុញឲ្យមានការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ និងមានទំនុកចិត្ត ។

• យុទ្ធសាស្រ្តទី២៖ ការពង្រឹងសន្តិសុខអាកាសចរណ៍ស៊ីវិល
ការពង្រឹងសន្តិសុខអាកាសចរ គឺការផ្តល់ទំនុកចិត្តជាលក្ខណៈជាតិ និងអន្តរជាតិ ដោយត្រូវបានធានាតាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវបទដ្ឋានជាតិ និងអន្តរជាតិ ទៅលើសន្តិសុខអាកាសចរណ៍ស៊ីវិល សំដៅការការពារ ទប់សា្កត់ និងប្រឆាំងរាល់អំពើរំលោភច្បាប់ ដូចជាការបំផ្ទុះ អំពើភេរវកម្ម ការបំផ្លិចបំផ្លាញ ការគំរាមកំហែងដល់ជីវិត និងទ្រព្យសម្បត្តិជាដើម។

• យុទ្ធសាស្រ្តទី៣៖ ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិនិងការតភ្ជាប់ការហោះហើរ
ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិនិងការតភ្ជាប់ការហោះហើរ គឺការបន្តការខិតខំប្រឹងប្រែង ពង្រឹងនូវកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ស៊ីវិល ដើម្បីផ្តល់ជាប្រយោជន៍នៅក្នុងការបង្កើតនិងការធ្វើឱ្យមានភាពសុខដុមនីយកម្មរវាងគោលនយោបាយ និងផែនទីមគ្គុទេសក៏(roadmap)ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងអនុតំបន់ តំបន់ និងពិភពលោកទាំងមូល។

• យុទ្ធសាស្រ្តទី៤៖ ការពង្រឹងសេវាកម្មនាំផ្លូវអាកាស
ការពង្រឹងសេវាកម្មនាំផ្លូវអាកាស គឺធានាឱ្យបាននូវការនាំផ្លូវហោះហើរសម្រាប់អាកាសយាន និងសេវាកម្មចរាចរណ៍ដែនអាកាសប្រកបដោយសុវត្ថិភាពខ្ពស់ ធានាបាននូវទំនុកចិត្តក្នុងការផ្តល់សេវាកម្មដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនាំផ្លូវហោះហើរ។

• យុទ្ធសាស្រ្តទី៥៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិ
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋាន ត្រូវស្របគ្នាទៅនឹងកំណើនអ្នកដំណើរតាមផ្លូវអាកាស និងធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវិលឆ្លើយតបបានយ៉ាងល្អប្រសើរបំផុតចំពោះតម្រូវការនានារបស់អ្នកប្រើប្រាស់រួមមាន៖ អ្នកដំណើរតាមផ្លូវអាកាស ការចុះចតអាកាសយានប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍអាកាសយានដ្ឋានស៊ីវិល និងជំរុញឲ្យមានការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសប្រកប ដោយសុវត្ថិភាព ទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។

• យុទ្ធសាស្រ្តទី៦៖ ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន
ការអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញមូលដ្ឋាន មធ្យម ជាន់ខ្ពស់ រួមទាំង រំលឹកឡើងវិញប្រកបដោយជំនាញជាក់លាក់ ដើម្បីធានាសុវត្ថិភាព សន្តិសុខដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវការ។ មន្រ្តីមានសមត្ថភាព និងជំនាញអាកាសចរស៊ីវិលគ្រប់គ្រាន់ក្នុងការអនុវត្តការងារស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលព្រមទាំងលើកកម្ពស់ការងារគ្រប់គ្រងស្ថាប័ន និងជួយគាំទ្រដល់ការអនុវត្តការងារ បច្ចេកទេស។

លោក រដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ដើម្បីឱ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិលឆ្នាំ២០២១-២០២៥ នេះមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលអាចបម្រើឱ្យការអភិវឌ្ឍសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលទាំងមូលបាន គ្រប់នាយកដ្ឋាន មជ្ឍមណ្ឌល និងអង្គភាពពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវផ្តល់សូចនាករជាធាតុចូលសម្រាប់អនុវត្តផែនការ៕