សម្តេចចក្រីហេងសំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ផ្តល់ម៉ាស ១៨ម៉ឺនបន្ទះ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្រសួងសុខាភិបាល
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖  វង សុភ័ក្ត្រ

ភ្នំពេញ៖ លោក កែវ ពិសិដ្ឋ សមាជិករដ្ឋសភា និងជាខុទ្ទកាល័យ តំណាងសម្តេចប្រធានរដ្ឋសភាជាតិ បានប្រគល់ម៉ាសចំនួន ១៨ម៉ឺនបន្ទះ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្រសួងសុខាភិបាល យកទៅប្រើប្រាស់ក្នុងវិស័យសុខាភិបាល ការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីប្រគល់ នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ លោក កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលសម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី រួមនឹងសមាជិកសមាជិការរដ្ឋសភា ជាពិសេសគណៈកម្មការទី៨ នៃរដ្ឋសភា បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសាកល ដែលមកដល់បច្ចុប្បន្ននេះ ពុំទាន់មានការថមថយនៅឡើយ។

លោក កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដែលបានយកចិត្តទុក់ដាក់ខ្ពស់ ក្នុងការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។

លោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា "ក្នុងនាមសមាជិកសភាមួយរូប ខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែលើកយកនូវសុខទុក្ខរបស់ប្រជាពលរដ្ឋដាក់នៅពីមុខ។

ហើយក្រៅពីការចេញនូវយុទ្ធសាស្ត្រ និងវិធានការដ៏ម៉ឹងម៉ាត់ ក្នុងការឆ្លើយតប ទប់ស្កាត់ការរីករាលដាលនៃជងឺកូវីដ១៩ សម្តេច នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាសង្គមធំៗជាច្រើន តាមរយៈគោលនយោបាយគាំពារសង្គម និងតាមការផ្តល់ជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដែលមានហានិភ័យក្នុងអំឡុងកូវីដ១៩ ព្រមទាំងផ្តល់សាច់ប្រាក់ដល់កម្មករកម្មការិនី ដែលព្យួរការងារជាដើម"។

ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី, លោក សូមថ្លែងអំណរគុណ និងវាយតម្កៃខ្ពស់ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ មន្ត្រីរាជការក្រសួងសុខាភិបាល រួមទាំងស្ថាប័នពាក់ពន្ធ័ ទាំងវិស័យឯកជន និងរដ្ឋ ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា ដោយទទួលបានជោគជ័យ ព្រមទាំងបានការពារ មិនឱ្យឆ្លងរាលដាលដល់សហគមន៍ ហើយក៏គ្មានប្រជាពលរដ្ឋស្លាប់ដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការឧបត្ថម្ភម៉ាសការពារចំនួន ១៨ម៉ឺនបន្ទះ ពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេច អំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងសុមាលភាពក្រុមគ្រូពេទ្យជួរមុខ។

លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ថា ការខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កន្លងទៅមិនអាចកាត់ផ្តាច់ចេញបានពីភាពជាអ្នកដឹកនាំ និងការគិតគូដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយគិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការការពារ បានទាន់ពេលវេលា និងកៀរគរធនធាននានា ដើម្បីអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩ ទទួលបានជោគជ័យរហូត មកដល់សព្វថ្ងៃនេះ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីរាជការ គ្រប់ស្ថាប័ន ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation