ឈឺចាប់ក្នុងពោះមិនមែនធម្មតាដូចយើងគិតទេ មានហេតុផលជាច្រើនដែលត្រូវដឹង
| សុខភាព
SHARE

សុខភាព៖ ឈឺពោះ ជាបញ្ហាសុខភាពមួយឧស្សាហ៍កើតឡើងណាស់ មិនថាក្មេង មិនថាចាស់។ គ្នាយើងភាគច្រើន អាចគិតថា ជាបញ្ហាសុខភាពធម្មតា ប៉ុន្តែត្រូវចាំថាករណីខ្លះវាជាបញ្ហាសុខភាពធ្ងន់ធ្ងរទាមទារការព្យាបាលត្រឹមត្រូវ។ អត្ថបទនេះ នឹងលម្អិតទាំងមូលហេតុបង្ក ទាំងអាការៈ និងវិធីដោះស្រាយឲ្យគ្នាយើងបានដឹង។


១- អ្វីជាការឈឺពោះ
ឈឺពោះ គឺសំដៅលើការឈឺចាប់នៅតំបន់ចន្លោះពីទ្រូង និងក្រគាក ហើយអាការៈអាចមានដូចជា ឈឺរមួលចុកខ្លាំង ឈឺដូចអ្វីចាក់ៗ ឈឺស្ទំៗ និងឈឺបាត់ៗ ។
ការរលាក ឬជំងឺណាមួយដែលប៉ះពាល់ដល់សរីរាង្គក្នុងពោះ សុទ្ធតែអាចបណ្តាលឲ្យឈឺពោះបាន ខណៈសរីរាង្គអាចបង្កឲ្យឈឺពោះមានដូចជា៖


– ពោះវៀន (ទាំងតូច ទាំងធំ)
– តម្រងនោម
– ខ្នែងពោះវៀន
– អណ្តើក (spleen)
– ក្រពះ
– ថង់ទឹកប្រមាត់
– ថ្លើម
– លំពែង។


ការឆ្លងមេរោគ ឬបាក់តេរី ក៏ដូចពពួកប៉ារ៉ាស៊ីតទៅលើក្រពះ និងពោះវៀន អាចលេចចេញរោគសញ្ញាឈឺពោះដូចគ្នា។
២- អ្វីជាមូលហេតុបង្ក?
ឈឺពោះ អាចបង្កឡើងដោយស្ថានភាពសុខភាពជាច្រើន។ ទោះជាយ៉ាងណាមូលហេតុចម្បង គឺការឆ្លងមេរោគ ហើមពោះ រលាក ស្ទះពោះវៀន និងជំងឺពោះវៀនជាដើម។

ការឆ្លងមេរោគនៅបំពង់ក ពោះវៀនតូច ពោះវៀនធំ និងក្នុងឈាម អាចនាំឲ្យបាក់តេរីចូលក្នុងបំពង់រំលាយអាហារយើងបានយ៉ាងងាយ ជាលទ្ធផលនាំឲ្យឈឺពោះ ថែមទាំងអាចធ្វើឲ្យមុខងារបំពង់រំលាយអាហារដំណើរការខុសប្រក្រតី ដូចជាទៅជារាក ទល់លាមកជាដើម។
ចុករមួលខ្លាំង ក៏មានទំនាក់ទំនងជាមួយការមករដូវចំពោះស្រីៗ ប៉ុន្តែធម្មតាច្រើនធ្វើឲ្យឈឺក្រោមពោះ ដោយជាទូទៅគេដឹងថា ឈឺនៅតំបន់អាងត្រគាក។
មូលហេតុបង្កឈឺពោះផ្សេងទៀត មានដូចជា៖
– ទល់លាមក
– រាក
– រលាកក្រពះ ពោះវៀន (gastroenteritis)
– ចាល់អាស៊ីដ (នៅពេលក្រពះច្រាលអាស៊ីដឡើងទៅបំពង់អាហារ នាំឲ្យក្រហាយទ្រូង និងរោគសញ្ញាផ្សេងទៀត)
– ចង្អោរ
– ស្ត្រេស។
ការធ្លាក់ចុះមុខងាររបស់ប្រព័ន្ធរំលាយអាហារ ក៏អាចបណ្តាលឲ្យឈឺពោះរ៉ាំរ៉ៃផងដែរ ខណៈជំងឺបង្កភាគច្រើនមានដូចជា៖
– ជំងឺច្រាលអាស៊ីដក្រពះ (GERD)
– ជំងឺរលាកពោះវៀនធំ
– ជំងឺ Cronh (ជំងឺរលាកពោះវៀនធំមួយប្រភេទ)
– ប្រតិកម្មជាមួយជាតិឡាក់តូស (Lactose intolerance)។
មូលហេតុបង្កឲ្យឈឺពោះធ្ងន់ធ្ងរ មានដូចជា៖
– ដាច់រហែកជាលិកា ឬរលាត់
– ក្រួសក្នុងតម្រងនោម
– ក្រួសក្នុងថង់ទឹកប្រមាត់
– ឆ្លងមេរោគលើតម្រងនោម។
៣- ប្រភេទជាអាការៈឈឺពោះ
ឈឺពោះ អាចនិយាយបានថាមាន ៣ប្រភេទ ដូចជាឈឺពោះនៅតំបន់តែមួយ ឈឺរមួល និងជំងឺចុកពោះ។
– ឈឺពោះនៅតំបន់តែមួយ (Localized)៖ គឺជាអាការៈឈឺនៅតំបន់តែមួយក្នុងពោះ។ ការឈឺប្រភេទនេះ ជារឿយៗបង្កឡើងដោយសារសរីរាង្គណាមួយមានបញ្ហា ហើយការឈឺរបៀបនេះដែលឧស្សាហ៍កើតមានបំផុត គឺបញ្ហាដំបៅក្រពះ។
– ឈឺរមួល (Cramp-like pain)៖ ឈឺពោះប្រភេទនេះ អាចមានទំនាក់ទំនងជាងមួយបញ្ហារាក ទល់លាមក ហើមពោះ និងឆ្អល់ពោះជាដើម។ ចំពោះស្រីៗ អាចមានទំនាក់ទំនងជាមួយការមករដូវ ការរលូតកូន និងភាពស្មុគស្មាញជាច្រើនទៀតពាក់ព័ន្ធសរីរាង្គបន្តពូជរបស់ស្រីៗ។ ឈឺពោះប្រភេទនេះ អាចកើតឡើងហើយបាត់ទៅវិញឯកឯងដោយមិនចាំបាច់ព្យាបាលអ្វីនោះឡើយ។
– ជំងឺចុកពោះ (Colicky)៖ ប្រភេទនេះវិញ ជារោគសញ្ញាមួយនៃបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន ពិសេសជំងឺក្រួសក្នុងថង់ទឹកប្រមាត់ និងក្រួសក្នុងតម្រងនោម។ អាការៈឈឺចាប់អាចកើតឡើងភ្លាមៗ និងឈឺខ្លាំង ដូចគ្នាទៅនឹងការរមួលសាច់ដុំធ្ងន់ធ្ងរអ៊ីចឹងដែរ។
៤- តំបន់ឈឺនៅក្នុងពោះ
តំបន់ឈឺនៅក្នុងពោះ អាចជាតម្រុយបង្ហាញពីមូលហេតុនៃការឈឺ។ ប៉ុន្តែបើអាការៈឈឺពោះ កើតមានគ្រប់តំបន់នៃពោះ (មិនមែនឈឺនៅតែមួយកន្លែង) ករណីនេះអាចបង្ហាញថាយើងមានបញ្ហាមួយចំនួនដូចជា៖
– ជំងឺរលាកខ្នែងពោះវៀន (appendicitis)
– ជំងឺ Crohn’s disease
– មានរបួសក្នុងពោះ
– មានរោគសញ្ញារលាកពោះវៀនធំ
– ឆ្លងរោគនៅតម្រងនោម
– ផ្តាសាយ។
បើអាការៈឈឺកើតមាននៅពីក្រោមពោះ វាអាចដោយសារ៖

– ជំងឺរលាកខ្នែងពោះវៀន (appendicitis)
– ស្ទះពោះវៀន
– កូនក្រៅស្បូន។
ចំពោះស្រីៗ ការឈឺចាប់នៅតំបន់បន្តពូជ ស្ថិតនៅក្រោមពោះអាចដោយសារតែ៖
– មានបញ្ហា Dysmenorrhea (អាការៈឈឺចាប់ខ្លាំងពេលមករដូវ)
– មានពកនៅក្រពេញអូវែ
– រលូតកូន
– មានដុំសាច់ (fibroids)
– ដុំសាច់ស្បូនដុះខុសកន្លែង
– ជំងឺរលាកអាងត្រគាក
– កូនក្រៅស្បូន។
បើការឈឺពោះកើតនៅតំបន់ខាងលើពោះ អាចដោយសារតែ៖
– ក្រួសក្នុងថង់ទឹកប្រមាត់
– គាំងបេះដូង
– ជំងឺថ្លើម (រលាកថ្លើម)
– ជំងឺផ្លូវដង្ហើម
បើការឈឺពោះកើតនៅចំកណ្តាលពោះ អាចដោយសារ៖
– រលាកខ្នែងពោះវៀន
– រលាកក្រពះ
– របួស
– ជំងឺ Uremia (ប្រភេទនៃជំងឺបំពង់នោម)។
បើការឈឺពោះនៅក្រោមពោះខាងឆ្វេងអាចដោយសារ៖

– ជំងឺ Crohn’s disease
– មហារីក
– ឆ្លងរោគនៅតម្រងនោម
– មានដុំពកនៅក្រពេញអូវែ
– រលាកខ្នែងពោះវៀន។
បើការឈឺពោះនៅខាងឆ្វេងផ្នែកខាងលើនៃពោះ អាចដោយសារ៖
– អណ្តើករីកធំ
– លាមករឹងខ្លាំងពេក មិនអាចបញ្ចេញបាន
– មានរបួស
– ឆ្លងរោគនៅតម្រងនោម
– គាំងបេះដូង
– មហារីក។
បើការឈឺពោះនៅក្រោមពោះផ្នែកខាងស្តាំអាចដោយសារ៖
– រលាកខ្នែងពោះវៀន
– កើតក្លន
– ឆ្លងរោគនៅតម្រងនោម
– មហារីក
– ផ្តាសាយ។
បើការឈឺពោះនៅខាងស្តាំផ្នែកខាងលើនៃពោះអាចដោយសារ៖
– ជំងឺថ្លើម (រលាកថ្លើម)
– មានរបួស
– ជំងឺផ្លូវដង្ហើម
– រលាកខ្នែងពោះវៀន។
៦- ពេលណាគួរទៅជួបពេទ្យ
ជាទូទៅអាការៈឈឺពោះមិនចាំបាច់ធ្វើការព្យាបាលធំដុំអីនោះទេ។ ទោះជាយ៉ាងណាក្នុងករណីមួយចំនួនអាការៈឈឺពោះ ប្រហែលជាត្រូវទៅជួបពេទ្យហើយ។
ត្រូវទៅជួបពេទ្យភ្លាម បើអាការៈឈឺពោះយើងធ្ងន់ធ្ងរមានទំនាក់ទំនងជាមួយគ្រោះថ្នាក់បង្កជារបួសណាមួយ ឬក៏មានសម្ពាធ ឬឈឺចាប់នៅទ្រូង។ គ្នាយើងក៏ត្រូវប្រញាប់ទៅជួបពេទ្យដូចគ្នាប្រសិនបើការឈឺចាប់ធ្វើឲ្យយើងមិនស្រណុកក្នុងខ្លួន ឬកត់សម្គាល់ថា រាងកាយមានបញ្ហាទាំងនេះកើតឡើង ដូចជា៖
– លាមកមានឈាម
– គ្រុនក្តៅខ្លាំង (៣៨អង្សាសេ)
– ចង្អោរលាយឈាម
– ក្អួត និងចង្អោរមិនបាត់
– ស្បែក ឬភ្នែកឡើងលឿង
– ហើម ឬឈឺពោះខ្លាំង
– ពិបាកដកដង្ហើម។
ត្រូវណាត់ជួបពេទ្យ បើយើងធ្លាប់ប្រទះអាការៈដូចខាងក្រោម៖
– ឈឺពោះរយៈពេលយូរ (លើស ២៤ម៉ោង)
– ទល់លាមកយូរថ្ងៃ
– ចង្អោរ
– មានអារម្មណ៍ក្រហាយនៅពេលនោម
– គ្រុនក្តៅ
– មិនឃ្លានអាហារ
– ស្រកទម្ងន់ដោយគ្មានមូលហេតុ។
ពិសេសចំពោះស្រីៗកំពុងពពោះ និងបំបៅដោះកូន ឆាប់ស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីដោះស្រាយបញ្ហាឈឺពោះឲ្យបានត្រឹមត្រូវ៕
ប្រភព៖ www.hellokrupet.com



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation