ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ខេត្តប៉ៃលិនប្រែខ្លួនពីតំបន់ប្រយុទ្ធគ្នា ក្លាយជាតំបន់សុខសាន្ត ដោយសារនយោបាយឈ្នះ-ឈ្នះ

image

ប៉ៃលិន៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ខេត្តប៉ៃលិន បានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា និងប្រយុទ្ធគ្នា មកក្លាយជាតំបន់ពោរពេញដោយភាពសុខសាន្តដូចសព្វថ្ងៃ ដោយសារតែនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលក្នុងនោះមានថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីទាំងអស់ ដោយរួមទាំងនាយទាហានជាច្រើននៃតំបន់ប្រតិបត្តិការសឹករងប៉ៃលិនផងដែរ។ លោក បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ហើយថា លោកជាស្ថាបនិកអ្នកផ្តួចផ្តើមគំនិតក្នុងការគិត ប៉ុន្តែនយោបាយនេះ មិនអាចទទួលបានជោគជ័យឡើយ បើគ្មានការចូលរួមអនុវត្តប្រកបដោយភាពស្មោះត្រង់ និងការទុកចិត្តគ្នាពីគ្រប់ភាគីជាប្រតិបត្តិករទាំងអស់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងជាច្រើន និងការរីកចម្រើនជាលំដាប់របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ក្នុងរយៈកាលចាប់តាំងពីកកើតដំបូងរហូតមកដល់បច្ចុប្បន្ន។ ការដឹកនាំអង្គភាព ក៏ដូចជាការដឹកនាំប្រទេសផងដែរ មិនអាចកសាងអង្គភាពទៅមុខ ដោយមិនរំលឹកអំពីស្នាដៃរបស់អ្នកកសាងពីជំនាន់មុនបានទេ។

លោក បានលើកឡើងបន្តថា កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង ដូច្នេះតួនាទីមេបញ្ជាការ និងនាយសេនាធិការ គឺជាតួនាទីសំខាន់ព្រោះជាក្បាលម៉ាស៊ីនដឹកនាំអង្គភាព ដែលទាមទារឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈសម្បត្តិបុគ្គល និងលក្ខណៈសម្បត្តិជាក្រុម ទើបអាចដឹកនាំអង្គភាពបានរីកចម្រើន។ ឈរលើគោលការណ៍នេះ ការពិនិត្យការវាយតម្លៃចំពោះការសម្រេចតែងតាំង ត្រូវធ្វើឡើងតាមឋានានុក្រម និងពិគ្រោះយោបល់ល្អិតល្អន់ ដោយផ្អែកលើលក្ខណៈសម្បត្តិជាច្រើន ដូចជា អតីតភាព, បទពិសោធន៍ការងារ, ឆន្ទៈ, ស្មារតី និងការខិតខំប្រឹងប្រែង ក៏ដូចជាសុខភាព និងលទ្ធភាពនៃការរុញនិរន្តភាពការងារ ដែលសំដៅដល់ឆន្ទៈ ពេលវេលា និងសកម្មភាពបន្តជំរុញកិច្ចការផ្សេងៗក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ។

លោកបន្តទៀតថា សាមគ្គីឯកភាពផ្ទៃក្នុងសំខាន់ ព្រោះជាការធានានូវនិរន្តរភាពនៃការដឹកនាំបញ្ជា តាមរយៈការសហការគ្នា ទុកចិត្តគ្នា យោគយល់គ្នា រួមគ្នាបំពេញភារកិច្ច និងចេះដោះស្រាយបញ្ហាដោយផ្អែកលើឋានានុក្រម។ ទោះបីជាការដឹកនាំអង្គភាពមិនអាចល្អឥតខ្ចោះ ប៉ុន្តែត្រូវដឹកនាំដោយយកគោលការណ៍ច្បាប់ជាគោល និងគោលការណ៍តំកល់ផលប្រយោជន៍អង្គភាពជាគោល។ ជាសមូហភាពខ្លាំង សាមគ្គីជាកម្លាំងរឹងមាំ ចង្កឹះមួយបាច់កាច់មិនបាក់ឡើយ។

លោក គូសបញ្ជាក់ថា “ផ្នែករឹង គឺការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលចាំបាច់ ហើយផ្នែកទន់សំដៅដល់ការរៀបចំពង្រឹងធនធានមនុស្ស, ការហ្វឹកហ្វឺន, ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់យោធិន និងការងារអប់រំចិត្តសាស្ត្រ ក្តាប់ឱ្យជាប់នូវការវិវត្តនៃសភាពការណ៍ ការឃោសនាផ្សេងៗ ដើម្បីណែនាំអប់រំឱ្យបានជាប់ជាប្រចាំ ជាពិសេសការពង្រឹងស្មារតីស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការការពារដាច់ខាតនូវបូរណភាពទឹកដី និងសុខសន្តិភាពជាតិ”។

នៅចំពោះមុខបញ្ហាកូវីដ-១៩ មកទល់ពេលនេះ លោក ក៏បានសូមអរគុណ និងកោតសរសើរដល់គ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានចាត់វិធានការរឹងមាំ និងប្រុងប្រយ័ត្ន ប៉ុន្តែជាមួយនឹងហានិភ័យដែលនៅមាន សូមបន្តយកចិត្តទុកដាក់លើបញ្ហានេះ ដោយបន្តអនុវត្តនូវរាល់វិធានការសុខាភិបាល ក៏ដូចជាបំផុសឱ្យយោធិនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាពអនាម័យផ្ទាល់ខ្លួន ហើយត្រៀមលក្ខណៈចូលរួមអនុវត្តផែនការ ដែលរាជរដ្ឋាភិបាល អាចដាក់ចេញក្នុងករណីចាំបាច់៕



ព័ត៌មានទាក់ទង...