ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ កុំជួបជុំគ្នាជាលក្ខណៈប្រមូលផ្តុំច្រើន ក្នុងពេលឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំថ្មីខាងមុខ

image

អត្ថបទ៖ គង់ វណ្ណៈ

ភ្នំពេញ៖ ថ្លែងទៅកាន់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងកម្មពិធីវេទិការសាធារណៈ នាថ្ងៃពុធនេះ ក្នុងខណ្ឌសែនសុខ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំថ្មីនាពេលខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ឆ្លងទៅសហគមន៍។

អ្វីដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រួយបារម្ភខ្លាំងនោះ គឺការរៀបចំកម្មពិធីជួបជុំហូបចុក ច្រៀងរាំផ្សេងៗ ជាពិសេសការច្រៀងខារ៉ាអូខេ ដែលប្រើក្បាលមេក្រូពីមួយទៅមួយដោយមិនមានការប្រុងប្រយ័ត្ន ឬបាញ់អាល់កុលបានតែដំបូង លុះពេលស្រវឹង ក៏ភ្លេចបាញ់អាកាល់កុល និងភ្លេចខ្លាចកូវីដ។ ម្យ៉ាងវិញទៀត ខារ៉ាអូខេមានបន្ទប់បិទជិតជាការបង្កលក្ខណៈងាយស្រួលដល់មេរោគកូវីដចម្លងលឿន។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង សង្ងត់ធ្ងន់ថា៖ «យើងមិនមានអ្នកស្លាប់ដោយសារតែកូវីដទេ មានតែអ្នកនាំចូលពីខាងក្រៅ ប៉ុន្តែយើងត្រូវការពារខ្លួនទើបជាការល្អសម្រាប់សុខភាពយើង និងគ្រួសារ»។

លោកអះអាងថា ជំងឺកូវីដ-១៩នេះ គេតែងច្រឡំតគ្នាថា ដូចជំងឺផ្តាសាយ តែតាមពិតវាមិនមែនដូចគេនិយាយទេ។ កូវីដ-១៩ វាធ្វើឱ្យមនុស្សស្លាប់ជាច្រើននាក់ហើយ នៅលើពិភពលោក នៅពេលដែលនរណាម្នាក់កើតជំងឺកូវីដ-១៩ ហើយមានរោគប្រចាំកាយផ្សេងទៀត ដូចជា ជំងឺសួត ទឹកនោមផ្អែម ជាដើម ដែលជាកត្តាជំរុញឱ្យមេរោគនេះវាយលុកអ្នកជំងឺលឿន បើសិនព្យាបាលមិនទាន់ប្រាកដជាអាចបាត់បង់ជីវិត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យផ្លូវការ ស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃបុណ្យចូលឆ្នាំថ្មី។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៦នាក់ថ្មីទៀត ដែលជាករណីនាំចូល ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន ៤នាក់។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៦នាក់នេះ រួមមាន ជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៉ីបចំនួន ២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន ២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។

ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន ៤នាក់ ក្នុងនោះមាន ៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ២លើក៕