ព័ត៌មានជាតិ

ដឹងមូលហេតុហើយ! យុវជនម្នាក់ដែលជិះម៉ូតូធ្លាក់ពីលើស្ពានកោះកុង បណ្តាលមកពីសត្វឃ្មុំដេញទេច

image

កោះកុង៖ បន្ទាប់ពីមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ជុំវិញករណីយុវជនម្នាក់ជិះម៉ូតូ ធ្លាក់ពីលើស្ពានកោះកុង សន្លប់ស្តូកស្តឹង នៅវេលាម៉ោងប្រហែល ៨៖ ៣០នាព្រឹក កាលពីថ្ងៃ ទី ២១ខែកក្កដា ឆ្នាំ ២០២០ ពេលនេះជនរងគ្រោះត្រូវបានគេដឹងអត្តសញ្ញាណ និងមូលហេតុនៃគ្រោះថ្នាក់ដ៏ចម្លែកនេះហើយ។

យុវជនរូបនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាសិស្សរៀនថ្នាក់ទី ១១ «C» នៃវិទ្យាល័យ កោះកុង ឈ្មោះ លាង កែវទិព្វពន្លឺ មានទីលំនៅ ភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងភ្លាមៗ ក្រោយជួបឧបទ្ទវហេតុនេះ។

ក្រោយពីដឹងខ្លួនយុវសិស្សរូបនេះ បានរៀបរាប់ប្រាប់ភ្នាក់ងារ CNC នៅថ្ងៃទី ២២ខែកក្កដានេះ ថា ដំបូងរូបគេបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះសំដៅទៅផ្ទះមិត្តភក្តិរបស់ខ្លួន នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងជួបជុំគ្នាបង្កើតក្រុមស្វ័យសិក្សា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ស្រាប់តែធ្វើដំណើរកំពុងឆ្លងស្ពាន ត្រង់ចំណុចកើតហេតុ គឺមានសត្វឃ្មុំមួយហ្វូង ហើរបញ្ច្រាសទិសគ្នាសំដៅមកចូលក្នុងមួកសុវត្ថិភាពរបស់ខ្លួន ពេលនោះរូបគេភ័យស្លន់ស្លោពេក ក៏ដោះមួកចេញពីក្បាលទាំងកំពុងបើកបរ ប៉ុន្តែការដោះមួកចេញនេះវាគឺជាឱកាសល្អសម្រាប់ហ្វូងឃ្មុំចូលវាយលុកខ្លួនកាន់តែខ្លាំង រហូតបាត់បង់ស្មារតី ហើយពេលដែលដឹងខ្លួនស្រាប់តែនៅក្នុងមន្ទីរពេទ្យតែម្តង។

បច្ចុប្បន្នយុវជនរូបនេះ ត្រូវបានក្រុមគ្រួសារសាច់ញាតិ សុំការអនុញ្ញាតពីគ្រូពេទ្យបង្អែកខេត្តកោះកុង ដើម្បីយកទៅបន្តពិនិត្យព្យាបាលនៅរាជធានីភ្នំពេញ ដើម្បីឆ្លុះពិនិត្យឆ្អឹងដងខ្លួន និងផ្នែកក្បាល។

យុវសិស្ស លាង កែវទិព្វពន្លឺ និងក្រុមគ្រួសារសាច់ញាតិទាំងអស់ ស្នើដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះពិនិត្យមើលកន្លែងកើតហេតុនេះ ខណៈពលរដ្ឋជាច្រើននាក់ហើយនាពេលកន្លងមកក៏ធ្លាប់ជួបប្រទះសត្វឃ្មុំទិចជាញឹកញាប់នៅត្រង់ចំណុចនោះដែរ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ «ប្រហែលជាមានសំបុកឃ្មុំនៅខាងក្រោមស្ពាន»៕អត្ថបទ៖ តាំង សុន្នី


ព័ត៌មានទាក់ទង...