ព័ត៌មានជាតិ

កសិករដាំទំពាំងបាយជូរនៅស្រុកភ្នំស្រួច ត្អូញត្អែរពីមេរោគម្យ៉ាងកំពុងបំផ្លាញទិន្នផល

image

កំពង់ស្ពឺ៖ លោក ជួន ថាបូរា អាយុ៥៣ឆ្នាំ ដែលជាកសិករដំបូងគេដាំដំណាំទំពាំងបាយជូរនៅភូមិទឹកល្អក ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បញ្ហាប្រឈមខ្លាំងនៅរដូវវស្សានេះ គឺបន្ទាប់ពីភ្លៀងធ្លាក់ជោគជាំធ្វើឱ្យមេរោគម្យ៉ាង(មិនស្គាល់ច្បាស់) តែងតែមកបំផ្លាញស្លឹក ដែលរំខានដល់លូតលាស់ និងការហុចផលរបស់ដំណាំទំពាំងបាយជូរ ខណៈត្រូវការចំណាយខ្ពស់លើការជួលអ្នកបច្ចេកទេស និងថ្នាំការពារមកពីប្រទេសវៀតណាម ព្រោះតែអ្នកជំនាញ និងថ្នាំក្នុងស្រុកមិនមាននៅឡើយ។

លោក បូរា បានបន្តឱ្យដឹងថា កន្លងទៅសម្រាប់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានត្រឹមផ្ដល់បច្ចេកទេសថែទាំដីប៉ុណ្ណោះ។ រីឯបច្ចេកទេសថែទាំការពារទំពាំងបាយជូរមិនមាន ព្រោះគ្មានអ្នកដែលមានបទពិសោធលើដំណាំប្រភេទនេះ។ ហើយសម្រាប់វិធានការពារមិនឱ្យមេរោគនោះមកបំផ្លាញគឺត្រូវសង់ដំបូលគ្របពីលើ ដែលត្រូវការចំណាយថវិកាខ្ពស់ពេកហួសពីសមត្ថភាពរបស់លោក។

លោកបានបញ្ជាក់ថា បច្ចុប្បន្នទំហំផ្ទៃដីដាំដុះមាន៤ហិកតា ដែលចំណាយទន់អស់ប្រមាណ៥០ម៉ឺនដុល្លារ ដែលប្រាក់ទាំងនោះបានមកពីការលក់ទ្រព្យសម្បត្តិ និងកម្ចីពីធានាគារខ្លះ។ ហើយបើតាមការរំពឹងទុករបស់លោកនឹងពង្រីកផ្ទៃដីដាំដុះឱ្យដល់១៤ហិកតា ខណះដែលការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមិនទាន់តម្រូវការអតិថិជននៅឡើយ ទាំងស្រា និងផ្លែ តែអ្វីដែលប្រឈមខ្លាំងគឺមេរោគ និងប្រភពហិរញ្ញវត្ថុ ព្រោះគ្មានទ្រព្យបញ្ចាំដើម្បីបានប្រាក់កម្ចីបន្តទៀត។

សូមបញ្ជាក់ថា កន្លងទៅលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងចំពោះមុខប្រជាសហគមន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផល ទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងខេត្ត និងក្រៅខេត្តកំពង់ស្ពឺ ឱ្យកាន់តែប្រសើរក្នុងពេលដែលពួកគាត់កំពុងដាំដុះ៕អត្ថបទ៖ យ៉ង សុភា