ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានរួមចំណែកកសាងច្បាប់ និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនៅកម្ពុជា

image

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលមានឆន្ទៈចូលរួមចំណែកគាំទ្រក្នុងការកសាងលិខិតបទដ្ឋានគតិយុទ្ធនានា ជាពិសេសច្បាប់ចំនួនពីរ គឺច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គមកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ ក្នុងការទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយដែលទាក់ទងទៅនឹងករណីខាងលើ ហើយច្បាប់ទាំងពីរនេះរាជរដ្ឋាភិបាលកម្ពុជាទើបតែបានអនុម័តឲ្យប្រើប្រាស់នាពេលថ្មីៗកន្លងទៅនេះផងដែរ។

ក្រោយជំនួបជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីបំពេញបន្ថែមឲ្យច្បាប់ទាំងពីរដែលទើបតែអនុម័តនេះ មានភាពពេញលេញ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់ភាគីអូស្ត្រាលី បន្តជួយពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកឱ្យកាន់តែមានសមត្ថភាពក្នុងការបំពេញភារកិច្ចកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ជាការឆ្លើយតប លោក Pablo Chiho Kang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងការងាររបស់កម្លាំងអនុវត្តច្បាប់នាពេលកន្លងមក ជាពិសេសទៅលើការប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការបណ្តុះបណ្តាលដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។ 

ជាងនេះទៅទៀត លោក បានលើកឡើងថា នាពេលកន្លងមករដ្ឋាភិបាលអូស្ត្រាលី ក៏បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ទៅលើវិស័យសុខាភិបាល និងវិស័យកសិកម្មតាមរយៈអង្គការក្រៅរដ្ឋាភិបាលរបស់អូស្ត្រាលីផងដែរ៕